ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាង “មគ្គទេសក៍បន្ថែមរបស់អាស៊ានស្ដីពីអភិបាលកិច្ចនិងសីលធម៌បញ្ញាសិប្បនិម្មិត សម្រាប់បញ្ញាសិប្បនិម្មិតបង្កើតមាតិកា”

ទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍៖ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាង “មគ្គទេសក៍បន្ថែមរបស់អាស៊ានស្ដីពីអភិបាលកិច្ចនិងសីលធម៌បញ្ញាសិប្បនិម្មិត សម្រាប់បញ្ញាសិប្បនិម្មិតបង្កើតមាតិកា (Expanded ASEAN Guide on AI Governance and Ethics – Generative AI) ” ក្នុងគោលបំណង ប្រមូលធាតុចូលលើសេចក្តីព្រាង “មគ្គទេសក៍បន្ថែមរបស់អាស៊ានស្ដីពីអភិបាលកិច្ចនិងសីលធម៌បញ្ញាសិប្បនិម្មិត សម្រាប់បញ្ញាសិប្បនិម្មិតបង្កើតមាតិកា” និងដើម្បីជាការប្រាស្រ័យទាក់ទងជាផ្លូវការលើកដំបូង រវាងតួអង្គអភិបាលកិច្ចបញ្ញាសិប្បនិម្មិត វិស័យសាធារណៈ វិស័យឯកជន វិស័យអប់រំ និងសង្គមស៊ីវិល។

សិក្ខាសាលានេះប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តមរដ្ឋលេខាធិការ ខូវ មករា និងមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័ន សមាគមតាមវិស័យ គ្រឹះស្ថានឯកជន ធុរកិច្ចថ្មី គ្រឹះស្ថានសិក្សានិងអប់រំ និងអង្គការសង្គមស៊ីវិល សរុបប្រមាណ ១២០នាក់។

សូមជម្រាបជូនថា ការពិគ្រោះយោបល់នេះ ធ្វើឡើងស្របតាមស្មារតីក្រុមការងារអភិបាលកិច្ចបញ្ញាសិប្បនិម្មិត របស់ឧត្តមមន្ត្រីឌីជីថលអាស៊ាន (ADGSOM) ចំណុះឱ្យរដ្ឋមន្ត្រីឌីជីថលអាស៊ាន (ADGMIN) ដោយមានការសម្របសម្រួលពី អគ្គលេខាធិការដ្ឋានអាស៊ាន ដើម្បីសហការគ្នាលើកិច្ចសហការ អភិបាលកិច្ចបញ្ញាសិប្បនិម្មិតក្នុងតំបន់។ ហើយក្រុមការងារនេះ បានរៀបចំសេចក្ដីព្រាងមគ្គទេសក៍នេះ ដើម្បីតម្រែតម្រង់ការរចនា ការអភិវឌ្ឍ និងការដាក់ឱ្យប្រើបញ្ញាសិប្បនិម្មិតបង្កើតមាតិកានៅអាស៊ានឱ្យមានសីលធម៌និងការទទួលខុសត្រូវ។

ជាមួយគ្នានេះ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ជាបច្ចេកវិទ្យាព័ត៌មានដែលមានការប្រើប្រាស់ជាយូរមកហើយក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន។ ប៉ុន្តែក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ពិភពលោកងាកមកចាប់អារម្មណ៍លលើ AI កាន់តែខ្លាំងដោយសារការរីកដុះដាលនៃបញ្ញាសិប្បនិម្មិតបង្កើតមាតិកា (Generative AI ឬ GenAI)។

#GenAI#MPTC#GoDigitalCambodia#Cambodia

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈផ្ទៃក្នុង នៅស្រុកទ្រាំង ខេត្តតាកែ

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្តីពី « Improvement of Incident Response Capability Through Cyber Exercise » នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ

  • ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញជាវាគ្មិនក្នុងវេទិកាតុមូល ក្រោមប្រធានបទ “ដើម្បីធ្វើនិយ័តកម្មបញ្ញាសិប្បនិម្មិត (Artificial Intelligence-AI) តើត្រូវមានទស្សនទានអ្វីខ្លះ?”