សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីផែនការសកម្មភាពអនុវត្តគោលនយោបាយ និងរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យប្រៃសណីយ៍

ខេត្តកំពត៖ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ នៅសណ្ឋាគារ កំពតថ្មី ឯកឧត្តម ម៉ម អំណត់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីផែនការសកម្មភាពអនុវត្តគោលនយោបាយ និងរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យប្រៃសណីយ៍ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ប្រធានមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ និងមន្ត្រីរាជការទាំង២៤ខេត្ត សាខាប្រៃសណីយ៍កម្ពុជា ព្រមទាំងសាខាប្រតិបត្តិករ ប្រៃសណីយ៍ឯកជន និងអង្គភាពពាក់ព័ន្ធ សរុបប្រមាណ ១៥០នាក់។

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងទទួលយកនូវគំនិតយោបល់ និងប្រមូលធាតុចូលដ៏មានសារៈសំខាន់ សម្រាប់រៀបចំផែនការសកម្មភាពការងារអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ សេចក្តីព្រាងប្រកាសស្តីពីការគ្រប់គ្រងគុណភាពសេវា និងរបាយការណ៍ នៃការធ្វើអង្កេតស្តីពី បច្ចុប្បន្នភាពនៃវិស័យប្រៃសណីយ៍ ព្រមទាំងបង្កើតបាននូវទំនាក់ទំនង កិច្ចសហការកាន់តែជិតស្និទ្ធក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមនានាក្នុងវិស័យប្រៃសណីយ៍ និងជំរុញការផ្តល់សេវាប្រៃសណីយ៍ប្រកបដោយគុណភាព និងភាពជឿទុកចិត្ត ការធ្វើទំនើបកម្មសេវាប្រៃសណីយ៍ និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងគោលដៅរួមចំណែកទ្រទ្រង់ការអភិវឌ្ឍពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងគាំទ្រពិពិធកម្មសេដ្ឋកិច្ចកម្ពុជា។

ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងពីវឌ្ឍនភាពការងារនៃក្រុមការងារប្រៃសណីយ៍ លើការរៀបចំលិខិតបទដ្ឋានគតិយុត្តដើម្បីពង្រឹងការគ្រប់គ្រង និងជំរុញការអភិវឌ្ឍន៍វិស័យប្រៃសណីយ៍។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានលើកទឹកចិត្តដល់អ្នកចូលរួម ក្នុងការចែករំលែកព័ត៌មាន និងបទពិសោធន៍ ដើម្បីចូលរួមកែលម្អសេចក្តីព្រាងដែលបាននិងកំពុងត្រូវបានរៀបចំ ឱ្យមានលក្ខណ:ឆ្លើយតប និងគ្រប់ជ្រុងជ្រោយ។

#cambodiapost#MPTC#GoDigitalCambodia#Cambodia

អត្ថបទជាប់ទាក់ទង