សិក្ខាសាលាស្ដីពី “ការចូលរួមអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ និងទប់ស្កាត់ការប្រើប្រាស់ ការចរាចរណ៍គ្រឿងញៀនតាមបញ្ញើប្រៃសណីយ៍”

ខេត្តព្រះវិហារ៖ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ខាយ ឃុនហេង រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្ដីពី “ការចូលរួមអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ និងទប់ស្កាត់ការប្រើប្រាស់ ការចរាចរណ៍គ្រឿងញៀនតាមបញ្ញើប្រៃសណីយ៍” នៅខេត្តព្រះវិហារ។ ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្ដម មុត ភិសិទ្ធនា អភិបាលរងនៃគណៈអភិបាលខេត្ដព្រះវិហារ លោកឧត្ដមសេនីយ៍ត្រី យ៉េង សារ៉េន ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្ដព្រះវិហារ និងមន្ត្រីរាជការតំណាងមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តទាំង២៤ បណ្តាសាខាប្រតិបត្តិករក្នុងវិស័យប្រៃសណីយ៍ និងវិស័យទូរគមនាគមន៍ សរុបប្រមាណ ៩០រូប។

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង (១). ធ្វើបច្ចុប្បន្នភាពចំណេះដឹងជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ និយោជិត និងប្រតិបត្តិករវិស័យប្រៃសណីយ៍និងទូរគមនាគមន៍ ស្តីពីការឆ្លង ការការពារ ការថែទាំ ការព្យាបាលអ្នកផ្ទុកមេរោគអេដស៍ និងផលវិបាក គ្រោះថ្នាក់និងឥទ្ធិពលនៃគ្រឿងញៀនមកលើក្រុមគ្រួសារ និងសង្គមជាតិ និង (២). ដើម្បីបន្តផ្សព្វផ្សាយ និងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងអ្នកពាក់ព័ន្ធទាំងអស់ឱ្យបង្កើនការគាំទ្រចូលរួមបញ្ចប់អេដស៍ក្នុងពេលដ៏ខ្លីខាងមុខនេះ និងទប់ស្កាត់ការចរាចរណ៍គ្រឿងញៀនតាមបញ្ញើប្រៃសណីយ៍ សំដៅឆ្លើយតបតាមផែនការនិងទិសដៅក្នុងការទប់ស្កាត់ការឆ្លងមេរោគអេដស៍ ជាពិសេសចំពោះក្រុមគោលដៅប្រឈមខ្ពស់និងទប់ស្កាត់ការប្រើប្រាស់ ការជួញដូរ ការចរាចរណ៍គ្រឿងញៀន ដែលបាននិងកំពុងធ្វើឱ្យប៉ះពាល់ដល់សង្គមជាតិនិងធនធានមនុស្ស។

នៅក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់វាគ្មិនដែលបានចំណាយពេលក្នុងការចែករំលែកនូវចំណេះដឹងនិងបទពិសោធថ្មីៗពាក់ពន្ធ័នឹងជំងឺអេដស៍និងបញ្ហាគ្រឿងញៀន។ ឯកឧត្តមរដ្ឋលេខាធិការ មានសង្ឃឹមថា សិក្ខាកាមដែលបានចូលរួមនៅថ្ងៃនេះ គឺជាសកម្មជន ជាចលករ ចូលរួមបញ្ចប់ជំងឺអេដស៍ និងទប់ស្កាត់ការប្រើប្រាស់ ជួញដូរ និងចរាចរណ៍គ្រឿងញៀនដែលទាមទារឱ្យមានការយកចិត្តទុកដាក់ ខ្ពស់ មានភាពឆ្លាតវៃ ក្នុងការត្រួតពិនិត្យកញ្ចប់បញ្ញើជាប់សង្ស័យ ដែលក្រុម ហ៊ុនរបស់ខ្លួន កំពុងតែបម្រើសេវាលើបញ្ញើប្រៃសណីយ៍ តាមព្រំដែនគោក ដែនទឹក និងផ្លូវអាកាស។ ចំពោះប្រតិបត្តិករទូរគមនាគមន៍ ទូរសព្ទចល័ត ទាំងអស់ ត្រូវចូលរួមក្នុងការបន្តផ្សព្វផ្សាយសារអប់រំ តាមរយៈទូរសព្ទដៃ ទាំងជំងឺអេដស៍និងគ្រឿងញៀន ព្រមទាំងបានស្នើដល់ លោក លោកស្រី ជាតំណាងប្រតិបត្តិករប្រៃសណីយ៍ ទូរគមនាគមន៍ ត្រូវយកចំណេះដឹងថ្ងៃនេះ ផ្សព្វផ្សាយបន្តដល់បុគ្គលិកក្រុមហ៊ុន ដើម្បីបន្តគាំទ្រសកម្មភាពជួយសង្គម ក៏ដូចជាសកម្មភាពចូលរួមជាមួយក្រសួងក្នុងការអនវត្តគោលនយោបាយពហុវិស័យរបស់រាជរដ្ឋាភិបាល។

#MPTC#GoDigitalCambodia#Cambodia

អត្ថបទជាប់ទាក់ទង