អបអរសាទរ ចំពោះក្រុមនិស្សិតរបស់កម្ពុជា បានឈ្នះជើងឯកតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងការប្រកួតប្រជែង Tech4Good

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមអបអរសាទរចំពោះក្រុមនិស្សិតសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) វិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសារធារណៈ (IISPP) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសាកលវិទ្យាល័យខេមតិច ដែលមានទេពកោសល្យ ចូលរួមតំណាងឱ្យកម្ពុជា បានឈ្នះជើងឯកក្នុងកម្មវិធីប្រកួតប្រជែង Tech4Good ដ៏ល្បីល្បាញក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៤-២៦ ខែកញ្ញា ឆ្នាំ២០២៤ នៅសាធារណរដ្ឋប្រជាមានិតចិន។ ការប្រកួតប្រជែងឆ្នាំនេះមានអ្នកចូលរួមសរុបចំនួន ១៣០ នាក់មកពី ១៨ ប្រទេស។

គម្រោងដែលក្រុមនិស្សិតនាំយកទៅប្រកួតប្រជែងហើយឈានទៅទទួលបានជ័យជំនះមានឈ្មោះថា WeSync ដែលជាកម្មវិធីឆ្លាតវៃជួយអ្នកមានជំងឺសម្ពាធឈាមខ្ពស់ ក្នុងការតាមដាន និងគ្រប់គ្រងសម្ពាធឈាមរបស់ពួកគេ។ ក្រុមនិស្សិតជ័យលាភី នឹងតំណាងឱ្យប្រទេសកម្ពុជាចូលរួមប្រកួតប្រជែង Tech4Good Global ដែលនឹងប្រព្រឹត្តទៅក្នុងឆ្នាំ២០២៥ នៅប្រទេសចិន នាពេលខាងមុខ។

កម្មវិធី Tech4Good គឺជាការប្រកួតប្រជែងគម្រោងធុរកិច្ចថ្មី ដែលរៀបចំដោយក្រុមហ៊ុន Huawei ដើម្បីលើកកម្ពស់ការយល់ដឹងរបស់សិស្សានុសិស្ស លើនិន្នាការឌីជីថលថ្មីៗ និងការបង្កើតដំណោះស្រាយទាំងផ្នែកបច្ចេកទេស និងពាណិជ្ជកម្ម ដើម្បីដោះស្រាយចំពោះបញ្ហា និងតម្រូវការសង្គម។

#Tech4Good#MPTC#GoDigitalCambodia#Cambodia

អត្ថបទជាប់ទាក់ទង