ឯកឧត្តម ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូធុរកិច្ចថ្មីឌីជីថលកម្ពុជាចំនួន ១២ និងនាំយកថ្នាល និងកម្មវិធី របស់រដ្ឋាភិបាលឌីជីថលកម្ពុជាចំនួន ២ ចូលរួមពិព័រណ៍នវានុវត្តន៍ FRANCOTECH ឆ្នាំ២០២៤

ឯកឧត្តម ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូធុរកិច្ចថ្មីឌីជីថលកម្ពុជាចំនួន ១២ និងនាំយកថ្នាល និងកម្មវិធី របស់រដ្ឋាភិបាលឌីជីថលកម្ពុជាចំនួន ២ ចូលរួមពិព័រណ៍នវានុវត្តន៍ FRANCOTECH ឆ្នាំ២០២៤ ដែលបានរៀបចំឡើងនៅថ្ងៃទី៣-៤ ខែតុលា ឆ្នាំ២០២៤ នៅ STATION F ក្នុងរដ្ឋធានីប៉ារីស ដែលជាព្រឹត្តិការណ៍អមនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនលើកទី១៩ ធ្វើឡើងក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង។

ព្រឹត្តិការណ៍នេះ បានប្រមូលផ្តុំទៅដោយតួអង្គសំខាន់ៗនៃប្រទេសនិយាយភាសាបារាំង តំណាងធុរកិច្ចប្រមាណ ១៥០០នាក់ តំណាងរដ្ឋាភិបាលប្រមាណ ១០០នាក់ និងការដាក់តាំងបង្ហាញពិព័រណ៍ពីបណ្ដាប្រទេស ខេត្ត និងសហគ្រាសនានា ប្រមាណ១៥០ស្ដង់។ ដោយក្នុងនោះ ធុរកិច្ចថ្មីឌីជីថលទាំង១២ ដែលត្រូវបានជ្រើសរើសដើម្បីតំណាងឱ្យប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍កម្ពុជា រួមមានធុរកិច្ចថ្មី Tenbox (ដែលជាធុរកិច្ចថ្មីឌីជីថលចូលរួមប្រកួតប្រជែងនៅក្នុងកម្មវិធីប្រកួតប្រជែងនវានុវត្តន៍ FrancoTech), Sala, PillTech, Morakot Technology, Poscar Digital, ArrowDot, CamMob, BiKay, Confluence, Sourceamax Asia, Quantum-Engineering & Manufacturing, and Immersive Angkor។ បន្ថែមពីនេះ ធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក៏បានចូលរួមក្នុងពិព័រណ៍នវានុវត្តន៍នេះផងដែរ ដើម្បីបង្ហាញនូវថ្នាល និងកម្មវិធី របស់រដ្ឋាភិបាលឌីជីថលកម្ពុជារួមមាន “verify.gov.kh“​ និង”បាគង”។

នៅក្នុងកម្មវិធីនេះផងដែរ ឯកឧត្តមរដ្ឋលេខាធិការ ខូវ មករា ក៏បានចូលរួមធ្វើជាវាគ្មិនក្នុងវេទិកាពិភាក្សាលើប្រធានបទ “បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត៖ អធិបតេយ្យភាពសេដ្ឋកិច្ចនិងវប្បធម៌” និងឯកឧត្តម សេង សុភាព ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា បានចូលរួមធ្វើជាវាគ្មិនក្នុងវេទិកាពិភាក្សាលើប្រធានបទ “បច្ចេកវិទ្យាអប់រំ និងធនធានមនុស្ស៖ តម្លៃបន្ថែមនៃភាពជាដៃគូរដ្ឋនិងឯកជនសម្រាប់ការឆ្លើយតបជាសកលលើការអប់រំតាមរយៈបច្ចេកវិទ្យាឌីជីថលនិងឈានទៅរកឌីជីថលនៅក្នុងសហគមនិយាយភាសាបារាំង” និង ឯកឧត្តម យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានចូលរួមធ្វើជាវាគ្មិនក្នុងវេទិកាពិភាក្សាលើប្រធានបទ “និរន្តភាពហិរញ្ញវត្ថុ៖ យុទ្ធសាស្រ្តប្រកបដោយការទទួលខុសត្រូវ និងនវានុវត្តន៍របស់តួអង្គសេដ្ឋកិច្ចហ្រ្វង់កូហ្វូន”។

គូសបញ្ជាក់ផងដែរថា ពិព័រណ៍នវានុវត្តន៍ FRANCOTECH ដែលជាព្រឹត្តិការណ៍សេដ្ឋកិច្ចដ៏ធំមួយ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សក្តានុពលនៃប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីឌីជីថល ដោយផ្ដោតលើប្រធានបទសំខាន់ៗចំនួន៥ តាមរយៈវេទិកានៃកិច្ចពិភាក្សា, សិក្ខាសាលា, ជំនួបធុរកិច្ចជាមួយធុរកិច្ច និងការតាំងបង្ហាញពិព័រណ៍៖ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត,ការផ្លាស់ប្តូរថាមពល, មូលធនមនុស្ស, ឡូជីស្ទីក និងសន្តិសុខស្បៀង និង ហិរញ្ញប្បទាននវានុវត្តន៍។ ធុរកិច្ចថ្មីឌីជីថលរបស់យើង បានបង្ហាញនូវសក្តានុពលរបស់យុវជនវ័យក្មេងនិងការអប់រំ ផ្សារភ្ជាប់ទៅនឹងសហគមន៍ប្រទេសនិយាយភាសាបារាំង ។ បន្ថែមពីនេះ គណៈប្រតិភូក៏បានរៀបចំនូវសិក្ខាសាលាពិសេសផ្តោតលើ “ការវិនិយោគនៅកម្ពុជា” ដែលផ្តល់ព័ត៌មានបន្ថែមពីក្របខណ្ឌគោលនយោបាយទាក់ទាញការវិនិយោគ និងជាទីតាំងយុទ្ធសាស្រ្តចូលទៅកាន់ទីផ្សារកំពុងរីកលូតលាស់របស់អាស៊ាន។

តំណភ្ជាប់ស្តីពីព័ត៌មានធុរកិច្ចថ្មីឌីជីថល៖ https://go.gov.kh/mptc/m10cft

រដ្ឋធានីប៉ារីស សាធារណរដ្ឋបារាំង ៖ ថ្ងៃទី៤ តុលា ២០២៤

អត្ថបទជាប់ទាក់ទង