ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានរៀបចំឱ្យមានទស្សនកិច្ចបន្ថែមលើកទី៣ ជូនថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រសួង ដើម្បីផ្សារភ្ជាប់ទឹកដី និងអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីកម្ពុជាតាមបណ្តាខេត្តនាទិសឦសាន
នៅថ្ងៃទី១២-១៣ ខែតុលា ឆ្នាំ២០២៤ ក្រោមការយកចិត្តទុកដាក់ពី ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រសួងបានរៀបចំបន្ថែមជូនថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួងដែលមានចំនួន ១៤០នាក់ ជាលើកទី៣ ដើម្បីធ្វើទស្សនកិច្ចផ្សារភ្ជាប់ទឹកដី និងអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីកម្ពុជាតាមបណ្តាខេត្តនាទិសឦសាន លើតម្រាយផ្លូវតាមបណ្តោយព្រំដែនក្នុងខេត្តត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគិរី។
ក្នុងដំណើរទស្សនកិច្ចនេះ ក៏មានការធ្វើបទបង្ហាញអំពីកិច្ចការបោះបង្គោលខណ្ឌសីមាព្រំដែនគោករវាងប្រទេសកម្ពុជា និងប្រទេសជិតខាង ពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញដែលជាស្ថាប័នពាក់ព័ន្ធ រួមមាន អគ្គនាយកដ្ឋានបច្ចេកទេសកិច្ចការព្រំដែន និងបញ្ជាការដ្ឋានកងវិស្វកម្ម ដើម្បីផ្តល់ព័ត៌មានត្រឹមត្រូវច្បាស់លាស់ពីការងារខណ្ឌសីមាព្រំដែនគោករបស់កម្ពុជា និងប្រទេសជិតខាង។
ដំណើរទស្សនកិច្ចមួយនេះ បានធ្វើឱ្យថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រសួងបានស្គាល់ពីទឹកដី និងខណ្ឌសីមាព្រំដែនគោករបស់ខ្លួនយ៉ាងច្បាស់លាស់ និងបានយល់ពីសារៈសំខាន់នៃការកសាងផ្លូវក្រវាត់ព្រំដែន ក៏ដូចជាការអភិវឌ្ឍជាក់ស្តែងនៅតាមបណ្តាខេត្តនៅភូមិភាគឦសាន។ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការ ដែលបានចូលរួមបង្ហាញក្តីសប្បាយរីករាយ និងការជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជាក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិកម្ពុជា។