ពិធីអបអរសាទរទិវាប្រៃសណីយ៍ពិភពលោក ឆ្នាំ២០២៤ របស់សហភាពប្រៃសណីយ៍សកល ក្រោមប្រធានបទ ១៥០ ឆ្នាំនៃការធ្វើឱ្យមានទំនាក់ទំនងគ្នា និងការផ្តល់អំណាចដល់ប្រជាជនទូទាំងពិភពលោក
ឯកឧត្តមរដ្ឋលេខាធិការ ឯក វណ្ណឌី បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាប្រៃសណីយ៍ពិភពលោក ឆ្នាំ២០២៤ របស់សហភាពប្រៃសណីយ៍សកល ក្រោមប្រធានបទ ១៥០ ឆ្នាំនៃការធ្វើឱ្យមានទំនាក់ទំនងគ្នា និងការផ្តល់អំណាចដល់ប្រជាជនទូទាំងពិភពលោក ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ប្រធានមន្ទីរគ្រប់ខេត្ត មន្ត្រីរាជការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រៃសណីយ៍កម្ពុជា សមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា ប្រតិបត្តិករបម្រើសេវាបញ្ញើឆាប់រហ័ស សរុបប្រមាណ ២៥០នាក់ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
ទិវានេះរៀបចំឡើងក្នុងគោលបំណងអបអរសាទរទិវាប្រៃសណីយ៍ពិភពលោក ក៏ដូជាផ្សព្វផ្សាយដល់សាធារណជនអំពីសេវាប្រៃសណីយ៍ ពិសេសតួនាទីដ៏សារៈសំខាន់របស់ប្រៃសណីយ៍លើការទាក់ទងគ្នារបស់ប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ក៏ដូចជានៅលើពិភពលោក។
ដើម្បីអបអរសាទរទិវានេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានរៀបចំក្បួនដង្ហែក្បួន យានយន្តរបស់ប្រតិបត្តិករប្រៃសណីយ៍ ក្នុងនោះមានការចូលរួមពី ថ្នាក់ដឹកនាំ មន្ត្រី និយោជក និងនិយោជិត នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រៃសណីយ៍កម្ពុជា ក្រុមហ៊ុនបម្រើសេវាបញ្ញើឆាប់រហ័ស ក្រុមហ៊ុនដឹកបញ្ញើគោលដៅចុងក្រោយ។
សូមជម្រាបជូនថា សហភាពប្រៃសណីយ៍សកល ត្រូវបានបង្កើតឡើងនៅថ្ងៃទី៩ ខែតុលា ឆ្នាំ១៨៧៤ បច្ចុប្បន្នមានប្រទេសសមាជិកចំនួន១៩២។ សហភាពនេះបានដើរតួនាទីជាវេទិកា សម្រាប់កិច្ចសហប្រតិបត្តិការរវាងតួអង្គទាំងអស់ក្នុងវិស័យប្រៃសណីយ៍ ដោយធានានូវបណ្តាញសកលមួយ សម្រាប់ផលិតផលនិងសេវាប្រៃសណីយ៍ តាមរយៈការបំពេញមុខងារប្រឹក្សាយោបល់ សម្របសម្រួល ទំនាក់ទំនង និងការផ្តល់ជំនួយបច្ចេកទេស។ សហភាពនេះក៏បានកំណត់បទប្បញ្ញត្តិនានាដើម្បីផ្លាស់ប្តូរបញ្ញើនិងផ្តល់អនុសាសន៍សម្រាប់ជំរុញកំណើននៃបរិមាណបញ្ញើនិងសេវាហិរញ្ញវត្ថុប្រៃសណីយ៍ ព្រមទាំងលើកកម្ពស់គុណភាពសេវា សម្រាប់អ្នកប្រើប្រាស់។
រាជធានីភ្នំពេញ | ព្រឹកថ្ងៃទី៩ តុលា ២០២៤