ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីបើក វេទិកាបញ្ញាសិប្បនិម្មិតកម្ពុជា ឆ្នាំ២០២៤
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីបើក វេទិកាបញ្ញាសិប្បនិម្មិតកម្ពុជា ឆ្នាំ២០២៤ ក្រោមប្រធានបទ “ស្វែងយល់អំពីនវានុវត្តបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងកាលានុវត្តភាពសម្រាប់ កម្ពុជានាពេលអនាគត” នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី រាជធានីភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង វាគ្មិនជាតិនិងអន្តរជាតិ តំណាងមកពីក្រសួង ស្ថាប័ន គ្រឹះស្ថានអប់រំ វិស័យឯកជន និងអ្នកសារព័ត៌មាន បានចូលរួមដោយផ្ទាល់ និងតាមអនឡាញ សរុបប្រមាណ ៥០០នាក់។
វេទិកានេះរៀបចំឡើងក្នុងគោលបំណង (១.). ស្វែងយល់អំពីនិន្នាការ និងគំនិតផ្តួចផ្តើមនៃបច្ចេកវិទ្យា AI ពីអ្នកជំនាញប្រទេសបារាំង កូរ៉េ ថៃ
កម្ពុជា និងវឌ្ឍនភាព AI ផ្ទាល់នៅកម្ពុជា (២). លើកឡើងអំពីការអនុវត្តជាក់ស្តែង នៃ machine learning, deep learning in natural language processing និងបច្ចេកវិទ្យា computer vision សម្រាប់ប្រទេសកម្ពុជា (៣). ស្វែងយល់ពីសក្ដានុពលនៃការប្រើប្រាស់ Generative AI ក្នុងការធ្វើបរិវត្តន៍កម្ម និងនវានុវត្តន៍សម្រាប់វិស័យផ្សេងៗ និង (៤). លើកកម្ពស់ភាពជាដៃគូរវាង រាជរដ្ឋាភិបាល វិស័យឯកជន និងគ្រឹះស្ថានអប់រំ ក្នុងការកំណត់
កាលានុវត្តភាព បញ្ហាប្រឈមនៃបច្ចេកវិទ្យា AI និងកិច្ចសហប្រតិបត្តិការជាប្រព័ន្ធអេកូឡូស៊ី ។
ក្នុងវេទិកានេះដែរក៏មានការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីបកប្រែ TranslateKh ជាកម្មវិធីជំនួយការឆ្លាតសម្រាប់បកប្រែពាក្យ ឃ្លា ប្រយោគ ឬអត្ថបទពីភាសាខ្មែរ ទៅ ភាសាអង់គ្លេស និងពីភាសាអង់គ្លេស ត្រឡប់មកភាសាខ្មែរវិញ ដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI) និងបច្ចេកវិទ្យាសិក្សាស៊ីជម្រៅ (Deep Learning)។ បច្ចុប្បន្ន កម្មវិធីនេះ ត្រូវបានបង្កើតឡើងជាមួយទិន្នន័យប្រមាណជា ១៥លានឃ្លាបកប្រែ ដែលពាក់ព័ន្ធនឹងកិច្ចសន្ទនាទូទៅនិងសារព័ត៌មានជាតិ-អន្តរជាតិ ព្រមទាំងទទួលបានលទ្ធផលតេស្តប្រមាណ ៩៧% លើសុក្រឹតភាពនៃលទ្ធផល។