ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលគម្រោងលើកទី២ « The 2nd Joint Coordinating Committee » នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលគម្រោងលើកទី២ « The 2nd Joint Coordinating Committee » នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ នៅសណ្ឋាគារ Raffles Hotel Le Royal ដែលមានការអញ្ជើញចូលរួមពីសមាសភាពតំណាងនាយកដ្ឋានពាក់ព័ន្ធនានានៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ក៏ដូចជាសមាសភាពតំណាងអង្គភាពពាក់ព័ន្ធមកពីក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងធនាគារជាតិនៃកម្ពុជា និងតំណាងស្ថានទូតជប៉ុន ទីភ្នាក់ងារ JICA ប្រចាំកម្ពុជា ទីភ្នាក់ងារ JICA កណ្ដាល និងក្រុមការងារ JICA នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រផងដែរ។
កិច្ចប្រជុំនេះស្ថិតក្នុងគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រនៃព្រះរាជាណាចក្រកម្ពុជា ដែលជាគម្រោងទទួលបានជំនួយបច្ចេកទេស និងការគាំទ្រពីរដ្ឋាភិបាលជប៉ុនតាមរយៈភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា ក្នុងគោលបំណងធ្វើឱ្យសន្តិសុខសាយប័រនៃសង្គមឌីជីថលរបស់កម្ពុជាមានភាពធន់ខ្ពស់តាមរយៈសកម្មភាពធំៗចំនួន៣៖ (១) លើកកម្ពស់សមត្ថភាពនៃអង្គភាពនិងស្ថាប័ននានាក្នុងប្រទេសក្នុងការឆ្លើយតបទៅនឹងឧប្បត្តិហេតុសន្តិសុខសាយប័រ (២) បង្កើនភាពធន់នៃសន្តិសុខសាយប័ររបស់ស្ថាប័ននិងអង្គភាពនានារបស់រាជរដ្ឋាភិបាល ប្រតិបត្តិករហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ និង (៣) កត់សម្គាល់គោលនយោបាយនិងច្បាប់សំខាន់ៗទាក់ទងនឹងសន្តិសុខសាយប័រសម្រាប់រាជរដ្ឋាភិបាលរៀបចំនិងអនុម័ត។