គណៈប្រតិភូក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញចូលរួមក្នុងកម្មវិធី សប្តាហ៍ឌីជីថល អន្តរជាតិវៀតណាមលើកទី៣ (The 3rd Viet Nam International Digital Week) នៅសាធារណរដ្ឋសង្គមនិយមវៀតណាម
សាធារណរដ្ឋសង្គមនិយមវៀតណាម៖ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ជុន វ៉ាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញចូលរួមក្នុងកម្មវិធី សប្តាហ៍ឌីជីថល អន្តរជាតិវៀតណាមលើកទី៣ (The 3rd Viet Nam International Digital Week) នៅទីក្រុងហាឡុង ខេត្តគ័ងនីញ ដែលមានគណៈប្រតិភូដឹកនាំដោយរដ្ឋមន្ត្រីតំបន់អាស៊ាន អាហ្វ្រិក អង្គការអន្តរជាតិ និងដៃគូសន្ទនាផ្សេងៗចូលរួមផងដែរ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានធ្វើបទអន្តរាគមន៍ស្តីពីការដាក់ចេញ Virtual Assistant សម្រាប់វិស័យសាធារណៈដែលបានដាក់ចេញដោយរដ្ឋាភិបាលកម្ពុជាតាមរយ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីបម្រើជាប្រយោជន៍សាធារណជន។
បន្ថែមលើនេះ ឯកឧត្តមរដ្ឋលេខាធិការ បានចែករំលែកពីឧត្តមានុវត្តន៍ផលិតផលរដ្ឋាភិបាលឌីជីថលមួយចំនួនដែលបានអភិវឌ្ឍដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ដែលក្នុងនោះរួមមាន៖ (១) ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh (២) កម្មវិធីសារិកា (sarika.gov.kh) (៣) កម្មវិធី NOMSA (nomsa.gov.kh) (៤) GO (go.gov.kh) និង (៥) ថ្នាល FORMKH (form.gov.kh) ផងដែរ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការ បានជួបពិភាក្សាការងារទ្វេភាគីជាមួយក្រសួងព័ត៌មាន និងគមនាគមន៍ នៃសាធារណរដ្ឋសង្គមនិយម វៀតណាម និងក្រសួងបច្ចេកវិទ្យា និងគមនាគមន៍នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយក្រសួងនៃប្រទេសទាំងពីរតាមរយអនុស្សារណៈនៃការយោគយល់ដែលបានចុះហត្ថលេខាកន្លងមក។