ឯកឧត្តមរដ្ឋលេខាធិការ លីវ សុផាណារិទ្ធិ បានដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញចូលរួមសន្និសីទ អ៊ីនធឺណិតពិភពលោកឆ្នាំ2024 នៅសាធារណរដ្ឋប្រជាមានិតចិន
នៅសាធារណរដ្ឋប្រជាមានិតចិន៖ នៅថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម លីវ សុផាណារិទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញចូលរួមសន្និសីទ អ៊ីនធឺណិតពិភពលោក ឆ្នាំ2024 ក្រោមប្រធានបទ «ការចាប់យកអនាគតឌីជីថលដែលផ្តោតទៅលើធនធានមនុស្ស ការប្រើប្រាស់បញ្ញាសិប្បនិម្មិត និងការកសាងសហគមន៍រួមគ្នានៅក្នុងលំហសាយប័រ » នៅទីក្រុង Wuzhen ខេត្ត Zhejiang នៃសាធារណរដ្ឋប្រជាមានិតចិន ដែលមានតំណាងចូលរួមមកពី 130ប្រទេស។
សន្និសីទនេះ មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិលើបច្ចេកវិទ្យាឌីជីថល ដែលផ្តោតលើការអភិវឌ្ឍបញ្ញាសិប្បនិម្មិត និងសន្តិសុខសាយប័រ ដើម្បីនឹងគាំទ្រទៅដល់ការអនុវត្តយុទ្ធសាស្រ្តសេដ្ឋកិច្ចនិងសង្គមឌីជីថល ដោយកំណត់ធនធានមនុស្សជាអាទិភាព ក្នុងការកសាងសហគមន៍លំហសាយប័រ (Cyberspace Community) ដែលនឹងជំរុញកំណើនសេដ្ឋកិច្ច និងធានានូវអនាគតឌីជីថលប្រកបដោយសុវត្ថិភាព សមធម៌ និងបរិយាបន្នសម្រាប់ទាំងអស់គ្នា។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការ លីវ សុផាណារិទ្ធិ ត្រូវបានអញ្ជើញចូលរួមក្នុងការផ្តល់បទអន្តរាគមន៍ ដោយបានលើកឡើងពីការប្តេជ្ញាចិត្តរបស់កម្ពុជានៅក្នុងការធ្វើបរិវត្តកម្មឌីជីថល ដើម្បីកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល តាមរយៈការដាក់ចេញនូវកម្មវិធីនិងគោលនយោបាយជាតិសំខាន់ៗ ជាអាទិ៍ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថល និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា។ បន្ថែមលើនេះ ការរៀបចំយន្តការរបស់ប្រទេសកម្ពុជានៅក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធអ៊ីនធឺណិត ក៏ដូចជាការពង្រឹងសន្តិសុខសាយប័រក្នុងប្រទេស បាននិងកំពុងរួមចំណែកពង្រឹងនិងពង្រីកដល់ការអភិវឌ្ឍទាំងក្នុងតំបន់ និងការរីកចម្រើននៃឧស្សាហកម្ម និងនវានុវត្តន៍បច្ចេកវិទ្យា។
លើសពីនេះទៅទៀត ឯកឧត្តមរដ្ឋលេខាធិការ បានបង្ហាញអំពីសារៈសំខាន់ នៃការសហការគ្នាទាំងក្នុងតំបន់ និងអន្តរជាតិ ដើម្បីចែករំលែកព័ត៌មាន ជំនាញ និងបទពិសោធ ដែលជាគន្លឹះក្នុងការជួយគាំទ្រគ្នាទៅវិញទៅមកដើម្បីកាត់បន្ថយបទល្មើសបច្ចេកវិទ្យាឆ្លងដែន ក៏ដូចជាការពង្រឹងសមត្ថភាពក្នុងការធ្វើអភិបាលកិច្ចទៅលើការប្រើប្រាស់អ៊ីនធឺណិតឱ្យកាន់តែមានសុវត្ថិភាព និងប្រសិទ្ធភាព ប្រកបដោយការគោរពដែនអធិបតេយ្យដែនលំហរសាយប័រនៃប្រទេសនីមួយៗ។ បណ្តាញឌីជីថលដែលមានទំនុកចិត្តនេះ ក៏នឹងក្លាយជាស្ពានការផ្សារភ្ជាប់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ រវាងបណ្តាប្រទេសនានា ក្នុងការសម្រេចបាននូវចក្ខុវិស័យរួម ក្នុងតំបន់ និង អន្តរជាតិ។