ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងជំរុញការប្រើប្រាស់ក្របខណ្ឌសមត្ថភាពអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ជុន វ៉ាត រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងជំរុញការប្រើប្រាស់ក្របខណ្ឌសមត្ថភាពអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន (អ.ឌ.ប.ព.) នៅសណ្ឋាគារ សុខា ខេត្តព្រះសីហនុ និងមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល តំណាងគ្រឹះស្ថានអប់រំ អង្គការក្រៅរដ្ឋាភិបាល វិស័យឯកជន អ្នកបង្កើតមាតិកា និងអ្នកសារព័ត៌មាន មានចំនួនសរុប ប្រមាណជាង ១០០នាក់។

សិក្ខាសាលាថ្ងៃនេះ គឺជាសិក្ខាសាលាលើកទី២ ដែលរៀបចំឡើង ផ្តោតជាសំខាន់ចំពោះការផ្សព្វផ្សាយកិច្ចការងារនេះ​ ដល់អ្នកបច្ចេកទេស គឺអ្នកដែលធ្វើការពាក់ព័ន្ធនឹងការរៀបចំកម្មវិធីសិក្សា កម្មវិធីផ្សព្វផ្សាយនានា ពីការអនុវត្តនិងបញ្រ្ជាបការប្រើប្រាស់ក្របខណ្ឌនេះទៅក្នុងប្រព័ន្ធអប់រំផ្លូវការ និងក្រៅផ្លូវការ និងបង្ហាញអំពីគោលបំណងច្បាស់លាស់នៃកិច្ចខិតខំប្រឹងប្រែង និងបើកឱកាសសហការជាមួយគ្នាទៅវិញទៅមកបន្តទៀត។ ការខិតខំប្រឹងប្រែង និងកិច្ចសហការរួមគ្នាចំពោះកិច្ចការនេះ នឹងជួយជំរុញការអនុវត្តគោលនយោបាយរាជរដ្ឋាភិបាលប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព សំដៅដល់ការកសាងកម្ពុជាជាសង្គមសេដ្ឋកិច្ចឌីជីថលដ៏រស់រវើកមួយនៅក្នុងឆ្នាំ២០៣៥។

គូសបញ្ជាក់ផងដែរថា ការរៀបចំក្របខណ្ឌសមត្ថភាព អ.ឌ.ប.ព. គឺជាការអនុវត្តវិធានការគន្លឹះស្របតាមការចង្អុលបង្ហាញនៃក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថល និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ដែលក្នុងនោះពលរដ្ឋកម្ពុជាគ្រប់រូបត្រូវក្លាយខ្លួនជា “ពលរដ្ឋឌីជីថល” ជាសសរស្តម្ភសំខាន់ទ្រទ្រង់ដំណើរការបរិវត្តកម្មឌីជីថលគ្រប់ផ្នែក និងដើម្បីចាប់យកប្រយោជន៍ពេញលេញពីការវិវត្តរបស់បច្ចេកវិទ្យា។ ការរៀបចំក្របខណ្ឌនេះធ្វើឡើងក្នុងគោលបំណង 1.) ផ្តល់នូវចក្ខុវិស័យច្បាស់លាស់ស្តីពីសមត្ថភាពពលរដ្ឋឌីជីថលកម្ពុជា ២.) ជំរុញការលើកកម្ពស់ អ.ឌ.ប.ព. ប្រកបប្រសិទ្ធភាព និងសង្កតិភាពចំពោះគ្នាទៅវិញទៅមក ៣.) ផ្តល់មូលដ្ឋានសម្រាប់រៀបចំកម្មវិធីសិក្សាសមស្របតាមតម្រូវការនិងស្ថានភាពជាក់ស្តែង និងសម្រាប់ការវាយតម្លៃកម្រិតសមត្ថភាព អ.ឌ.ប.ព នៅកម្ពុជា។ ក្របខណ្ឌអ.ឌ.ប.ព បានកំណត់ថាពលរដ្ឋឌីជីថលនៅកម្ពុជាគួរមានសមត្ថភាពអ.ឌ.ប.ព ៨ផ្នែក និងមានចំណេះដឹង ឥរិយាបថមួយចំនួនស្របតាមផ្នែកទាំង៨នេះ ទើបគេអាចប្រើប្រាស់បច្ចេកវិទ្យាបានច្បាស់លាស់ ប្រកបដោយការត្រិះរិះពិចារណា មានការទទួលខុសត្រូវ មានប្រសិទ្ធិភាព និងសុវត្ថិភាព។

#MPTC#GoDigitalCambodia#Cambodia

អត្ថបទជាប់ទាក់ទង