សេចក្តីប្រកាសព័ត៌មានរួមស្តីពី ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ រវាង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
នារសៀលថ្ងៃអង្គារ ១២កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រី ក.ប.ទ. និងឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (ស.អ.យ.) បានអញ្ជើញជាអធិបតីនិងជាហត្ថលេខីក្នុងពិធីចុះហត្ថលេខាលើ “អនុស្សរណៈនៃការយោគយល់ស្ដីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ិនធឺណិត និងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថលជូនដល់មន្រ្តីរាជការក្រោមឱវាទ”។ ពិធីចុះហត្ថលេខានេះ មានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃ ក.ប.ទ. ស.អ.យ. សរុបចំនួនប្រមាណ ២៥០នាក់។
អនុស្សរណៈនៃការយោគយល់នេះមានគោលបំណង ៣ សំខាន់ៗ ដូចខាងក្រោម៖
1. ការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh សម្រាប់ផ្ទៀងផ្ទាត់ឯកសារចេញដោយ ស.អ.យ. ដើម្បីលុបបំបាត់ការក្លែងបន្លំ។
2. ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិតសម្រាប់ការប្រើប្រាស់ក្នុង ស.អ.យ.។
3. ការរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថល ជូនមន្ត្រីរាជការនៃ ស.អ.យ. ឱ្យចេះប្រើប្រាស់បច្ចេកវិទ្យាឌីជីថលចាំបាច់សម្រាប់សម្រួលដល់ការបំពេញតួនាទីនិងភារកិច្ចកាន់តែមានប្រសិទ្ធភាព ប្រសិទ្ធផល និងឆាប់រហ័ស។
ទាំងអស់នេះ គឺជាសកម្មភាពការងារអាទិភាព ដើម្បីជំរុញល្បឿននៃការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងបញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ផងដែរថា ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្នាលរបស់រាជរដ្ឋាភិបាល ដែលអភិវឌ្ឍដោយ ក.ប.ទ. និងត្រូវបានដាក់ឱ្យប្រើក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថល ស្របតាមឧត្តមានុវត្តន៍ជាអន្តរជាតិ។ ការផ្ទៀងផ្ទាត់ឯកសារនៅលើថ្នាល verify.gov.kh ត្រូវធ្វើឡើងតាមរយៈការដាក់បញ្ចូល QR Code ស្តង់ដា ដោយប្រើបច្ចេកវិទ្យាប្លុកឆេន (Blockchain) ដែលមានសុវត្ថិភាពខ្ពស់នៅលើសន្លឹកនៃឯកសារនីមួយៗ។ ទន្ទឹមនឹងនេះ ការប្រើប្រាស់ឯកសារដែលមានដាក់បញ្ចូល QR Code ស្តង់ដានេះ មិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្ម នៅលើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ។
អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន។