ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

រាជធានីភ្នំពេញ៖ នៅល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍(ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជាឆ្នាំ២០២4 (Cambodia Digital Awards 2024) ដែលជាខួប១០ឆ្នាំ ក្រោមប្រធានបទ “គាំទ្រដល់ពលរដ្ឋកម្ពុជាក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីអនាគតកាន់តែល្អប្រសើរ” នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។ ពិធីនេះមានការអញ្ជីញចូលរួមពីថ្នាក់ដឹកនាំក្រោមឱវាទក្រសួង បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ក្រសួង ស្ថាប័ន ក្រុមហ៊ុនឯកជន ធុរកិច្ចថ្មីឌីជីថល សហគ្រិន និងអ្នកជំនាញបច្ចេកវិទ្យាជាច្រើនរូបសរុបប្រមាន សរុបប្រមាណ ២១០នាក់។

កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា រៀបចំឡើងក្នុងគោលបំណងជំរុញការធ្វើបរិវត្តកម្មឌីជីថលប្រកបដោយបរិយាបន្ន ដោយលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យានិងនវានុវត្តន៍ឌីជីថលនៅកម្ពុជា តាមរយៈការផ្តល់ពានរង្វាន់ដល់ក្រសួងស្ថាប័ន ក្រុមហ៊ុនឯកជន និងសហគ្រិន។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានអបអរសាទរនិងប្រគល់ពានរង្វាន់ឌីជីថលកម្ពុជាឆ្នាំ២០២៤ ព្រមទាំងលិខិតសរសើរជូនដល់ក្រុមហ៊ុនជ័យលាភីចំនួន៥ ដែលត្រូវបានជ្រើសរើសក្នុងចំណោមក្រុមហ៊ុនដាក់ពាក្យសរុបចំនួន ៦៤ក្រុមហ៊ុន និងពានរង្វាន់កិត្តិយសស្រ្តីឆ្នើមបច្ចេកវិទ្យាប្រចាំឆ្នាំដល់បេក្ខនារីចំនួន ១រូប។

ជ័យលាភីទាំង ៦ប្រភេទពានរង្វាន់ និងប្រាក់រង្វាន់សម្រាប់ជ័យលាភី រួមមាន៖

១. ស្ថាប័នឯកជនល្អបំផុតប្រចាំឆ្នាំ (Private Sector of the Year) ជាមួយនឹងប្រាក់រង្វាន់ចំនួន 2,500 ដុល្លារអាម៉េរិក ត្រូវបានផ្តល់ជូនក្រុមហ៊ុន Wing Inter Logistics Technologies Co., Ltd សម្រាប់ផលិតផល Wingagri

២. បរិយាបន្នឌីជីថលល្អបំផុតប្រចាំឆ្នាំ (Best Digital Inclusion of the Year) ជាមួយនឹងប្រាក់រង្វាន់ចំនួន 2,500 ដុល្លារអាម៉េរិក ត្រូវបានផ្តល់ជូនក្រុមហ៊ុន Solar Green Energy (Cambodia) Co., Ltd សម្រាប់ផលិតផល Solar Smart Irrigation System, Solar Irrigation Station

៣. មាតិកាឌីជីថលល្អបំផុតប្រចាំឆ្នាំ (Best Digital Content of the Year) ជាមួយនឹងប្រាក់រង្វាន់ចំនួន 2,500 ដុល្លារអាម៉េរិក ត្រូវបានផ្តល់ជូនក្រុមហ៊ុន 606 Digital សម្រាប់ផលិតផល Sampi TV

៤. ពានរង្វាន់រដ្ឋមន្ត្រីសម្រាប់ធុរកិច្ចថ្មីឌីជីថលល្អបំផុតប្រចាំឆ្នាំ (Minister Startup of the Year) ជាមួយនឹងប្រាក់រង្វាន់ចំនួន 15,000 ដុល្លារអាម៉េរិក ត្រូវបានផ្តល់ជូនក្រុមហ៊ុន Jalat Logistics សម្រាប់ផលិតផល Jalat Logistics

៥. ការស្រាវជ្រាវនិងនវានុវត្តន៍ឌីជីថលល្អបំផុតប្រចាំឆ្នាំ (Best Digital Research and Innovation of the Year) ជាមួយនឹងប្រាក់រង្វាន់ចំនួន 7,500 ដុល្លារអាម៉េរិក ត្រូវបានផ្តល់ជូនបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា សម្រាប់ផលិតផល Machine Translation for Khmer Braille

៦. ពានរង្វាន់កិត្តិយសស្រ្តីឆ្នើមបច្ចេកវិទ្យាប្រចាំឆ្នាំ (Women in Tech of the Year) ត្រូវបានផ្តល់ជូន លោកស្រី រស់ ពេជ្រហេមី មកពីក្រុមហ៊ុនមេនូឡាយហ្វ៍ ខេមបូឌា

កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជាឆ្នាំ២០២៤ រៀបចំឡើងដោយ អគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ទទួលបានការសហការឧបត្ថម្ភនិងគាំទ្រពី ក.ប.ទ., មូលនិធិ ស.អ., ក្រុមហ៊ុន Smart Axiata Co., Ltd. និង Huawei Technologies (Cambodia) Co., Ltd.។

#cda24#CambodiaDigitalAwards2024#MPTC#GoDigitalCambodia#Cambodia

អត្ថបទជាប់ទាក់ទង