ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំ “វេទិកាសន្តិសុខសាយប័រសម្រាប់យុវជន”
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម សំ សិទ្ធិសេរី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីបើក “វេទិកាសន្តិសុខសាយប័រសម្រាប់យុវជន – Cybersecurity Youth Forum” នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) និងមានអ្នកចូលរួមសរុបប្រមាណ ៤០០នាក់ ដែលភាគច្រើនជាយុវជន។
វេទិកានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង៖ (១)-លើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីឯកជនភាពនៃទិន្នន័យ និងការគំរាមកំហែងនិងសុវត្ថិភាពតាមអ៊ីនធឺណែតដល់សាធារណជនទូទៅ, (២)- ចែករំលែកចំណេះដឹងនិងបទពិសោធន៍ដល់អ្នកចូលរួមទាក់ទងនឹងការជ្រើសរើសជំនាញសិក្សា ឱកាសការងារ បដិវត្តន៍សន្តិសុខសាយប័រ និងអនាគតនៃវិស័យសន្តិសុខសាយប័រនៅប្រទេសកម្ពុជា, និង (៣)-ជំរុញលើកទឹកចិត្តនិងបង្កើតទម្លាប់ដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់ជាន់ថ្នាក់ឱ្យយកចិត្តទុកដាក់លើសន្ដិសុខឌីជីថលនិងប្រើប្រាស់អ៊ីនធឺណិតប្រកបដោយទំនួលខុសត្រូវ។
ក.ប.ទ. នឹងបន្តគាំទ្រនិងជំរុញការបញ្រ្ជាបចំណេះដឹងទៅកាន់ប្រជាពលរដ្ឋកម្ពុជាឱ្យកាន់តែទូលំទូលាយនិងយល់ដឹងកាន់តែច្បាស់អំពីការវាយប្រហារតាមប្រព័ន្ធអនឡាញ របៀបការពារខ្លួន និងរបៀបស្វែងរកជំនួយឱ្យបានទាន់ពេលវេលា។