ពិធីប្រកាសតែងតាំងលោក ងិន វណ្ណាវឌ្ឍន៍ ជាប្រធានមន្ទីរថ្មី នៃមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តបន្ទាយមានជ័យ ជំនួសលោក ចៅ វ៉ិត ដែលត្រូវបានដាក់ឱ្យចូលនិវត្តន៍
ខេត្តបន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ នៅសាលាខេត្តបន្ទាយមានជ័យ ឯកឧត្តម ឯក វណ្ណឌី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងលោក ងិន វណ្ណាវឌ្ឍន៍ ជាប្រធានថ្មី នៃមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តបន្ទាយមានជ័យ ជំនួសលោក ចៅ វ៉ិត ដែលត្រូវបានដាក់ឱ្យចូលនិវត្តន៍។ កម្មវិធីនេះមានវត្តមានចូលរួមពីសំណាក់ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត និង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ព្រមទាំងមន្ទីរ-ស្ថាប័នជុំវិញខេត្ត សរុបប្រមាណ ២១០នាក់។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ ឯក វណ្ណឌី បានអបអរសាទរចំពោះលោក ងិន វណ្ណាវឌ្ឍន៍ ដែលត្រូវប្រកាសចូលកាន់មុខតំណែងជាប្រធានមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ថ្មី នាពេលនេះ ហើយសង្ឃឹមថា ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ថ្នាក់ក្រោមឱវាទ មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តបន្ទាយមានជ័យ រដ្ឋបាលខេត្តបន្ទាយមានជ័យ មន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរដែនដី និងស្ថាប័នមានសមត្ថកិច្ចទាំងអស់ក្នុងខេត្ត ត្រូវខិតខំបំពេញការងាររួមគ្នា សហការគ្នាបានល្អ ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗ ជូនរាជរដ្ឋាភិបាលបន្ថែមទៀត។