ពិធីសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍រាជរដ្ឋាភិបាលអូស្ដ្រាលី
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឯកឧត្តម លីវ សុផាណារិទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍រាជរដ្ឋាភិបាលអូស្ដ្រាលី ចំនួន ៣២រូប ក្នុងនោះថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ ២៨រូប និងថ្នាក់បណ្ឌិតមានចំនួន ៤រូប ដែលនឹងបន្តការសិក្សាលើជំនាញអប់រំ បច្ចេកវិទ្យា បរិស្ថាន កសិកម្ម សេដ្ឋកិច្ច និងជំនាញផ្សេងៗទៀត សម្រាប់ឆ្នាំសិក្សា ២០២៥ ដើម្បីផ្តល់អនុសាសន៍ណែនាំដល់និស្សិត មុននឹងចេញដំណើរទៅសិក្សានៅប្រទេសអូស្រ្ដាលី នាពេលខាងមុខនេះ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានចូលរួមអបអរសាទរ និងកោតសរសើរចំពោះនិស្សិតជ័យលាភី ដែលទទួលបានអាហារូបករណ៍ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅប្រទេសអូស្រ្ដាលី។ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំដល់និស្សិតជ័យលាភីទាំងអស់ត្រៀមលក្ខណៈឱ្យបានល្អ ត្រូវផ្តោតការយកចិត្តទុកដាក់រៀនសូត្រឱ្យពូកែ និងធ្វើការស្រាវជ្រាវផ្សារភ្ជាប់នឹងការអនុវត្តជាក់ស្ដែងឱ្យបានច្រើនដើម្បីក្លាយជាធនធានមនុស្សឆ្នើម ដើម្បីទទួលបានភាពជោគជ័យក្នុងការសិក្សានៅបរទេស។
*កម្មវិធីអាហារូបករណ៍រាជរដ្ឋាភិបាលអូស្ត្រាលី គឺជាផ្នែកមួយនៃជំនួយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលប្រទេសអូស្ត្រាលីសម្រាប់ផ្តល់ជូនប្រទេសកម្ពុជាជារៀងរាល់ឆ្នាំ និងជាពិសេសក៏ជាកម្មវិធីមួយសម្រាប់ផ្តល់ឱកាសដ៏មានតម្លៃ និងស្នើភាពដល់មន្ត្រីរាជការ បុគ្គលិកនៃវិស័យឯកជន និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងការកសាងសមត្ថភាព ចំណេះដឹង និងជំនាញបន្ថែមទៀត ដើម្បីចូលរួមជំរុញដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា។