ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្រះទឹក វេទិកាវរសេនាតូចលេខ៤១៤ និងសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១
ខេត្តឧត្តរមានជ័យ៖ នៅរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្រះទឹក វេទិកាវរសេនាតូចលេខ៤១៤ និងសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន កងពលតូចថ្មើរជើងលេខ៤១ យោធភូមិភាគទី៤ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ ស្ថិតនៅភូមិអូរគគីកណ្តាល ឃុំលំទង ស្រុកអង្លង់វែង ខេត្តឧត្តរមានជ័យ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួង តំណាងក្រុមហ៊ុនសុភ័ក្រនីការ អ៊ីនវេសមិនគ្រុប ខូ អិលធីឌី ឯកឧត្តម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ឯកឧត្តម ឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ ព្រមទាំងពលទាហាន សរុបប្រមាណ ៨០០នាក់។
សមិទ្ធផលដែលបានសម្ពោធឱ្យប្រើប្រាស់នៅពេលនេះ រួមមានវេទិកាវរសេនាតូចលេខ៤១៤ និងស្រះទឹកទំហំ៨០ម៉ែត្រគុណ២៦០ម៉ែត្រ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត តាមរយៈសម្ព័ន្ធមេត្រីភាពរវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងកងពលតូចថ្មើរជើងលេខ៤១ ដែលជាការរៀបចំហេដ្ឋារចនាសម្ព័ន្ធសារវ័ន្តសម្រាប់បម្រើឱ្យការប្រើប្រាស់រយៈពេលយូរក្នុងជីវភាពប្រចាំថ្ងៃរបស់នាយទាហាន នាយទាហានរង និងពលទាហាន។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរដោយស្មោះ និងសូមវាយតម្លៃខ្ពស់ចំពោះវីរភាពដ៏ឧត្តុងឧត្តមរបស់បងប្អូននាយទាហាន នាយទាហានរង និងពលទាហាន ក្នុងការរួមចំណែកការពារជាតិមាតុភូមិ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បាននាំយកគ្រឿងឧបភោគ/បរិភោគ ព្រមទាំងថវិកាមួយចំនួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់នាយទាហាន នាយទាហានរង ពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១ ផងដែរ។