ក្រុមហ៊ុន Microsoft គ្រោងនឹងបណ្ដុះបណ្ដាលប្រជាជន ១លាន នាក់នៅប្រទេសអាហ្រិ្វកខាងត្បូងលើបញ្ញាសិប្បនិម្មិត

ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ (ភ្នាក់ងារសារព័ត៌មានរ៉យទ័រ)៖ នៅក្នុងដំណើរទស្សនកិច្ចបញ្ញាសិប្បនិម្មិត (AI Tour) ដែលក្រុមហ៊ុន Microsoft បានរៀបចំឡើង លោកស្រី Lillian Barnard ប្រធានក្រុមហ៊ុន Microsoft ប្រចាំទ្វីបអាហ្រិ្វក បានលើកឡើងថា ក្រុមហ៊ុន Microsoft គ្រោងនឹងបណ្ដុះបណ្ដាលប្រជាជនរស់នៅក្នុងប្រទេសអាហ្រិកខាងត្បូងចំនួន ១លាន នាក់បន្ថែមលើផ្នែកបញ្ញាសិប្បនិម្មិត និងសន្តិសុខសាយប័រ ត្រឹមឆ្នាំ២០២៦។
លោកស្រី Lillian Barnard បានបញ្ជាក់ថា យុទ្ធនាការពង្រឹងជំនាញបញ្ញាសិប្បនិម្មិតសម្រាប់ប្រទេសអាហ្រិ្វកខាងត្បូងនេះ នឹងត្រូវផ្ដោតលើអ្នកតាមដានទូទៅ ជាពិសេស ត្រូវជ្រើសរើសពីគ្រប់វិស័យ រួមមាន ក្រសួង ស្ថាប័ន ក្រុមហ៊ុនឯកជន និងជាយុវជនទូទៅ។
លោកស្រីមិនបានលើកឡើងអំពីទំហំនៃការវិនិយោគសម្រាប់គម្រោងនេះឡើយ និងបានលើកឡើងថា ការផ្ដល់ឱកាសពង្រឹងជំនាញ និងសញ្ញាបត្រដែលទទួលស្គាល់កម្រិតឧស្សាហកម្មនេះ នឹងផ្ដល់ឱកាសឱ្យយុវជនរស់នៅប្រទេសអាហ្រ្វិកខាងត្បូងអាចប្រកួតប្រជែងលើឆាកអន្តរជាតិបាន។
ក្រុមហ៊ុន Microsoft គឺជាក្រុមហ៊ុនដំបូងដែលបានសាងសង់មជ្ឈមណ្ឌលទិន្នន័យជាច្រើន និងផ្ដល់សេវាកម្មបចេ្ចកវិទ្យាក្លោដជាសាធារណៈ នៅក្នុងប្រទេសអាហ្រ្វិកខាងត្បូង។ នៅក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន Microsoft បានបណ្ដុះបណ្ដាលប្រជាជនរស់នៅក្នុងប្រទេសអាហ្រ្វិកខាងត្បូងបានចំនួន ៤លាននាក់ និងមានគម្រោងបណ្ដុះបណ្ដាលចំនួន ៣០ លាននាក់បន្ថែមទៀតនៅ ៥ ឆ្នាំខាងមុខ។
