ប្រធានបទទី៣ “ការងារវិស័យទូរគមនាគមន៍” ត្រូវបានលើកយកមកពិភាក្សាបន្តនៅក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារ ៥ឆ្នាំ ២០២០-២០២៤ នៃដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល និងលើកទិសដៅការងារបន្ត របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោយបទអន្តរាគមន៍ពាក់ព័ន្ធនឹងការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច និងការងារវិស័យប្រៃសណីយ៍ ប្រធានបទចុងក្រោយនៃអង្គសន្និបាតគឺប្រធានបទទី៣ ស្តីពី “ការងារវិស័យប្ទូរគមនាគមន៍” ដែលវេទិកានេះ សម្របសម្រួលដោយ ឯកឧត្តម ខូវ មករា រដ្ឋលេខាធិការ ក.ប.ទ. ដោយក្នុងនោះមានបទអន្តរាគមន៍ចំនួន ៣ ត្រូវបានលើកយកមកពិភាក្សារួមគ្នា ដូចខាងក្រោម៖

-បទអន្តរាគមន៍ស្តីពី “ការត្រួសត្រាយផ្លូវអនាគតនៃការតភ្ជាប់ឌីជីថល: ការជំរុញបណ្ដាញខ្សែកាបក្រោមបាតសមុទ្រ និងបង្កើនប្រសិទ្ធភាពការគ្រប់គ្រងវិសាលគមន៍ហ្រ្វេកង់ស៍វិទ្យុ” ដោយ ឯកឧត្តម តុល ញ៉ក់ អគ្គនាយកនៃអគ្គនាយកដ្ឋានទូរគមនាគមន៍ និង ឯកឧត្តម ជាង សុភ័ក្រ អគ្គនាយកនៃអគ្គនាយកដ្ឋានគ្រប់គ្រងធនធានវិសាលគមន៍ហ្វ្រេកង់ស៍វិទ្យុ

– បទអន្តរាគមន៍ស្តីពី “វឌ្ឍនភាពការងារទូរគមនាគមន៍កម្ពុជា រយៈពេល ៥ឆ្នាំ ២០២០-២០២៤” ដោយ ឯកឧត្តម ង៉ាន់ ដានី អគ្គនាយកស្តីទីនៃទូរគមនាគមន៍កម្ពុជា

– បទអន្តរាគមន៍ស្តីពី “គុណភាពសេវាទូរគមនាគមន៍” ដោយ ឯកឧត្តម ជា ច័ន្ទតារ៉ា និងឯកឧត្តម ស្រ៊ុន គឹមសាន ដែលជាសមាជិកនិយ័តករទូរគមនាគមន៍កម្ពុជា

បទអន្តរាគមន៍នេះ រំលេចរំលេចអំពីសមិទ្ធផលសំខាន់ៗដែល ក.ប.ទ. សម្រេចបានក្នុងរយៈពេល ៥ឆ្នាំលើការងារវិស័យទូរគមនាគមន៍ ដែលក្នុងនោះមានដូចជា (១)ការកសាងគោលនយោបាយនិងបទដ្ឋានគតិយុត្ត (២)ការងារអាជ្ញាបណ្ណនិងស្ថិតិក្នុងវិស័យទូរគមនាគមន៍ (៣)ការគ្រប់គ្រងធនធានទូរគមនាគមន៍ (៤)ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ (៥)វិធានការផ្សេងទៀតក្នុងការពង្រឹងគុណភាពសេវា និងការការពារអ្នកប្រើប្រាស់ (៦)ការពង្រឹងការអនុវត្តបទប្បញ្ញត្តិ និងការបង្ក្រាបបទល្មើស និង (៧)ការផ្តល់សេវាទូរគមនាគមន៍របស់ទូរគមនាគមន៍កម្ពុជា។

គូសបញ្ជាក់ផងដែរថា វិស័យទូរគមនាគមន៍បានចូលរួមចំណែកយ៉ាងសំខាន់លើការតភ្ជាប់ឌីជីថល ដែលត្រូវបានចាត់ទុកថាជាមូលដ្ឋានគ្រឹះនៅក្នុងបរិវត្តកម្មឌីជីថល។ ជាការពិតណាស់ ការជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ការលើកកម្ពស់គុណភាពសេវា ការពង្រឹងនិងពង្រីកបណ្តាញគ្របដណ្តប់សេវាទូរសព្ទចល័ត និងការបង្កលក្ខណៈងាយស្រួលដល់ការប្រើប្រាស់សេវាអ៊ីនធឺណិត បានជួយជំរុញការអភិវឌ្ឍសេវាទូរគមនាគមន៍និងអ៊ីនធឺណិតដែលបានប្រែក្លាយជាសេវាសារវន្តមិនអាចខ្វះបាន ទាំងនៅក្នុងកិច្ចការរដ្ឋាភិបាល ធុរកិច្ច និងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ប្រៀបបានទៅនឹងទឹកស្អាត និងអគ្គិសនីផងដែរ។