









រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ បន្ទាប់ពីពិធីបើកសន្និបាត និងការធ្វើបទអន្តរាគមន៍ពាក់ព័ន្ធនឹងការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច អង្គសន្និបាតបានបន្តរៀបចំវេទិកាពិភាក្សាលើប្រធានបទទី២ ស្តីពី “ការងារវិស័យប្រៃសណីយ៍” ដែលវេទិកានេះ សម្របសម្រួលដោយ ឯកឧត្តម ម៉ម អំណត់ រដ្ឋលេខាធិការ ក.ប.ទ. ដោយក្នុងនោះមានបទអន្តរាគមន៍ចំនួន ២ ត្រូវបានលើកយកមកពិភាក្សារួមគ្នា ដូចខាងក្រោម៖
– បទអន្តរាគមន៍ស្តីពី “ការគ្រប់គ្រងការផ្តល់សេវាប្រៃសណីយ៍” ដោយ ឯកឧត្តម ហ៊ន ធារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានប្រៃសណីយ៍
– បទអន្តរាគមន៍ស្តីពី “ការធ្វើពិពិធកម្មអាជីវកម្មប្រៃសណីយ៍កម្ពុជា” ដោយ លោក ថេន សំវិសុទ្ធ អគ្គនាយកប្រៃសណីយ៍កម្ពុជា
បទអន្តរាគមន៍ទាំង២ ខាងលើនេះ រំលេចអំពីសមិទ្ធផលសំខាន់ៗដែល ក.ប.ទ. សម្រេចបានក្នុងរយៈពេល ៥ឆ្នាំ លើការងារវិស័យប្រៃសណីយ៍ ដែលក្នុងនោះមានដូចជា (១)ការកសាងគោលនយោបាយ និងបទដ្ឋានគតិយុត្ត (២)ការធ្វើនិយ័តកម្មប្រៃសណីយ៍ និងការការពារអ្នកប្រើប្រាស់ (៣)ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនិងឌីជីថល (៤)ការសហការរចនាតែមប្រិ៍ប្រៃសណីយ៍ (៥)ការរៀបចំព្រឹត្តិការណ៍ប្រៃសណីយ៍ និងការចូលរួមប្រជុំពាក់ព័ន្ធ (៦)ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ (៧)ការធ្វើបរិវត្តកម្មឌីជីថលក្នុងដំណើរការអាជីវកម្ម (៨)ការធ្វើឱ្យប្រសើរឡើងនូវគុណភាពសេវាប្រៃសណីយ៍ (៩)ការធ្វើពិពិធកម្មអាជីវកម្ម និង(១០)ការធ្វើកំណែទម្រង់ការគ្រប់គ្រង។
គូសបញ្ជាក់ផងដែរថា វិស័យប្រៃសណីយ៍ (Post) ត្រូវបានចាត់ទុកថាមានសក្តានុពលក្នុងការចូលរួមចំណែកទ្រទ្រង់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា ដោយវិស័យនេះនឹងបង្កើតបានហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដែលជួយសម្រួលដល់ដំណើរប្រព្រឹត្តិទៅក្នុងផ្នែក សង្គម-សេដ្ឋកិច្ច។ ក្នុងបរិការណ៍នេះ ក.ប.ទ. ដែលទទួលបន្ទុកជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការដឹកនាំ សម្របសម្រួល គ្រប់គ្រង និងអភិវឌ្ឍវិស័យប្រៃសណីយ៍ បានខិតខំយកចិត្តទុកដាក់បំពេញភារកិច្ចរបស់ខ្លួនលើការរៀបចំគោលនយោបាយ ផែនការសកម្មភាព លិខិតបទដ្ឋានគតិយុត្ត ការពង្រឹងកិច្ចសហការជាមួយបណ្តាភាគីពាក់ព័ន្ធ ការធ្វើនិយ័តកម្ម លើវិស័យប្រៃសណីយ៍ និងការជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសម្រាប់បម្រើសេចក្តីត្រូវការរបស់អ្នកប្រើប្រាស់សេវា ប្រៃសណីយ៍ និងឆ្លើយតបទៅនឹងតម្រូវការនិងការវិវឌ្ឍន៍នៃសេដ្ឋកិច្ចឌីជីថល។

