ប្រធានបទទី៥ “ការងារជំរុញការចាប់យកឌីជីថល និងការលើកកម្ពស់មូលធនឌីជីថល” ត្រូវបានលើកយកមកពិភាក្សាបន្តនៅក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារ ៥ឆ្នាំ ២០២០-២០២៤ នៃដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល និងលើកទិសដៅការងារបន្ត របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោយបទអន្តរាគមន៍ពាក់ព័ន្ធនឹងការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច ការងារវិស័យប្រៃសណីយ៍ ការងារវិស័យទូរគមនាគមន៍ ការងារវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងវិស័យឌីជីថល ដែលជាប្រធានបទបន្ទាប់នៃអង្គសន្និបាតគឺប្រធានបទទី៥ ស្តីពី “ការងារជំរុញការចាប់យកឌីជីថល និងការលើកកម្ពស់មូលធនឌីជីថល” ដែលវេទិកានេះ សម្របសម្រួលដោយ ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការ ក.ប.ទ. ដោយក្នុងនោះមានបទអន្តរាគមន៍ចំនួន ៣ ត្រូវបានលើកយកមកពិភាក្សារួមគ្នា ដូចខាងក្រោម៖

-បទអន្តរាគមន៍ស្តីពី “ការបណ្តុះបណ្តាល ការស្រាវជ្រាវ និងនវានុវត្តន៍ឌីជីថល” ដោយឯកឧត្តម សេង សុភាព ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា

– បទអន្តរាគមន៍ស្តីពី “កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល ការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ និងការរៀបចំថ្នាក់រៀនឌីជីថលនៅសាលាបឋមសិក្សាគោលដៅ” ដោយឯកឧត្តម ម៉ៅ សិលា អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

– បទអន្តរាគមន៍ស្ដីពី “គំនិតផ្ដួចផ្ដើមនៃការបង្កើតសួនឌីជីថល (Digital Park)” ដោយឯកឧត្ដម ហាក់ សុខហេង អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

គូសបញ្ជាក់ថា ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ បានចង្អុលបង្ហាញនូវយុទ្ធសាស្រ្តនិងសកម្មភាពអាទិភាពតាមដំណាក់កាលក្នុងការកសាងរដ្ឋាភិបាលឌីជីថល ធុរកិច្ចឌីជីថល និងពលរដ្ឋឌីជីថលដើម្បីចាប់យកកាលានុវត្តភាព គ្រប់គ្រងហានិភ័យ និងទាញយកប្រយោជន៍ជាអតិបរមាពីសក្តានុពលនៃការរីកចម្រើនបច្ចេកវិទ្យាឌីជីថលយ៉ាងឆាប់រហ័ស។បន្ថែមលើនេះ គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ក៏បានដាក់ចេញនូវគោលដៅជាយុទ្ធសាស្រ្តកសាងមូលធនមនុស្សឌីជីថលដោយចង្អុលបង្ហាញឱ្យរៀបចំក្របខណ្ឌសមត្ថភាពឌីជីថលដែលកំណត់ស្តង់ដាគុណវុឌ្ឍិ សមត្ថភាព និងជំនាញបច្ចេកវិទ្យាឌីជីថល ដើម្បីឆ្លើយតបនឹងតម្រូវការអភិវឌ្ឍរដ្ឋាភិបាលឌីជីថល។ ចំណែក នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលបានកំណត់យក “ការកសាងរដ្ឋាភិបាលឌីជីថល និង ពលរដ្ឋឌីជីថល” នៅក្នុង មុំទី១ នៃបញ្ចកោណទី៥ របស់ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១។