ឯកឧត្តម តុល ញ៉ក់ បានទទួលជំនួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយលោកស្រី Kate Rebholz ភារធារីស្តីទីនៃស្ថានបេសកកម្មអាមេរិកប្រចាំអាស៊ាន

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម តុល ញ៉ក់ អគ្គនាយកនៃអគ្គនាយកដ្ឋានទូរគមនាគមន៍នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍និងជាប្រធានឧត្តមមន្ត្រីឌីជីថលអាស៊ាន (ADGSOM) តំណាងកម្ពុជា បានទទួលជំនួបសម្តែងការគួរសមនិងពិភាក្សាការងារ ជាមួយលោកស្រី Kate Rebholz ភារធារីស្តីទីនៃស្ថានបេសកកម្មអាមេរិកប្រចាំអាស៊ាន និងសហការី នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

ក្នុងជំនួបនេះ លោកស្រី Kate Rebholz បានថ្លែងអំណរគុណ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តាមរយៈឯកឧត្ដមប្រធាន ADGSOM កម្ពុជា ដែលបានគាំទ្រកិច្ចសហការរវាងកម្ពុជានិងអាស៊ានក្នុងវិស័យឌីជីថល។

ជាការឆ្លើយតប ឯកឧត្ដមប្រធាន ADGSOM បានជម្រាបជូនអំពីកិច្ចការអាទិភាពនិងសមិទ្ធផលធំៗដែលក្រសួងសម្រេចបានកន្លងមក ជាអាទិ៍ ការយកចិត្តទុកដាក់ក្នុងការពង្រឹងគុណភាពសេវាទូរគមនាគមន៍ ការរៀបចំលិខិតបទដ្ឋានគតិយុត្ត ការកសាងសមត្ថភាពទាំងស្ថាប័ននិងធនធានមុស្ស ជាពិសេសស្នាដៃលេចធ្លោមួយ គឺការបង្កើតថ្នាល verify.gov មិនត្រឹមតែប្រើប្រាស់ផ្លូវការក្នុងការផ្ទៀងផ្ទាត់ឯកសារនៅក្នុងស្រុក ប៉ុណ្ណោះទេ ថែមទាំងត្រូវបានទទួលស្គាល់ជាអន្តរជាតិ និងបានពង្រីកវិសាលភាពទៅបណ្ដាប្រទេសដៃគូក្នុងតំបន់អាស៊ាន។ នៅក្នុងក្របខណ្ឌអាស៊ាន ក្រសួងបានចូលរួមយ៉ាងសកម្មតាមរយៈកិច្ចប្រជុំរដ្ឋមន្រ្តីឌីជីថលអាស៊ាន (ADGMIN) កិច្ចប្រជុំADGSOM។

ជាមួយគ្នានេះ ឯកឧត្តមប្រធាន ADGSOM ក៏បានជម្រាបជូនពីវឌ្ឍនភាពអភិបាលកិច្ចបញ្ញាសិប្បនិម្មិតនៅក្នុងតំបន់និងនៅកម្ពុជា ដោយប្រទេសអាស៊ានទាំង១០បានឯកភាពពង្រីកតួនាទីនិងភារកិច្ចរបស់ក្រុមការងារអាស៊ានស្តីពីអភិបាលកិច្ចបញ្ញាសិប្បនិម្មិត (WG-AI) ដើម្បីជាក្រុមការងារស្នូលពាក់ព័ន្ធនឹងការអភិវឌ្ឍអេកូឡូស៊ីបញ្ញាសិប្បនិម្មិតនៅអាស៊ាននិងជួយគាំទ្រការងារ ADGSOM ក្នុងការសម្របសម្រួលរាល់គម្រោងពាក់ព័ន្ធបញ្ញាសិប្បនិម្មិតក្នុងតំបន់។

បន្ថែមលើនេះ ឯកឧត្តមប្រធាន ADGSOM និង លោកស្រី Kate Rebholz ក៏បានផ្លាស់ប្ដូរយោបល់ពាក់ព័ន្ធនឹងកិច្ចសហការបន្ត ទាំងកម្រិតតំបន់ និងកម្រិតទ្វេភាគីរវាងអាមេរិកនិងកម្ពុជា លើផ្នែកសំខាន់ៗរួមមានការកសាងធនធានមនុស្សឌីជីថល សន្តិសុខសាយប័រ លំហូរទិន្នន័យឆ្លងដែន ការតភ្ជាប់ឌីជីថល និងបច្ចេកវិទ្យាឌីជីថលឈានមុខចុងក្រោយ ជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។

ជាការឆ្លើយតប លោកស្រី Kate Rebholz បានកោតសរសើរលើសមិទ្ធផលដែលក្រសួងសម្រេចបាន និងកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិកនិងអាស៊ាន លើវិស័យឌីជីថល និងសន្យាពាំនាំព័ត៌មាននិងសំណូមពរផ្សេងៗទៅកាន់សហការីដើម្បីពិនិត្យលទ្ធភាពបន្តកិច្ចសហការជាមួយអាស៊ាននិងកម្ពុជា។