ឯកឧត្តមរដ្ឋលេខាធិការ លីវ សុផាណារិទ្ធិ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី “ការតម្រង់ទិសអនាគតសន្តិសុខសាយប័រនៅប្រទេសកម្ពុជា ឆ្នាំ២០២៥”

រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សហការជាមួយក្រុមហ៊ុន Cellcard ក្រុមហ៊ុន Nexusguard និង ក្រុមហ៊ុន Palo Alto បានរៀបចំសិក្ខាសាលាស្តីពី “ការតម្រង់ទិសអនាគតសន្តិសុខសាយប័រនៅប្រទេសកម្ពុជា ឆ្នាំ២០២៥” ក្រោមអធិបតីភាព ឯកឧត្តម លីវ សុផាណារិទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងមានការអញ្ជើញចូលរួមពី ឯកឧត្តមឯកអគ្គរាជទូតប្រទេសម៉ាឡេស៊ីប្រចាំកម្ពុជា ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័ន នាយកប្រតិបត្តិនៃទីភ្នាក់ងារសន្តិសុខសាយប័រជាតិម៉ាឡេស៊ី ប្រធានប្រតិបត្តិផ្នែកបច្ចេកវិទ្យាឌីជីថលនិងទូរគមនាគមន៍នៃក្រុមហ៊ុន Cellcard ព្រមទាំង ភ្ញៀវជាតិ និងអន្តរជាតិ ក្រុមហ៊ុនឯកជន អង្គការក្រៅរដ្ឋាភិបាល សរុបប្រមាណ ១៥០នាក់ នៅសាលប្រជុំ Banquet, អគារ Morgan Tower ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ថា ប្រធានបទសន្តិសុខសាយប័រ គឺជាប្រធានបទក្តៅ និងត្រូវការការយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធទាំងប្រទេសកម្ពុជា និងទាំងក្នុងតំបន់អាស៊ាន ក៏ដូចជានៅលើសកលលោកទាំងមូល។ ការចាប់យកបរិវត្តកម្មឌីជីថល គឺមានសារៈសំខាន់ណាស់ពីគ្រប់ភាគីពាក់ព័ន្ធ តែក៏ត្រូវយកចិត្តទុកខ្ពស់ដល់ផលប៉ះពាល់ និងការគម្រាមកំហែងនានាទៅលើប្រព័ន្ធឌីជីថល។ ក្នុងន័យនេះ សិក្ខាសាលា “ទិសដៅអនាគតសន្តិសុខសាយប័រប្រទេសកម្ពុជា ឆ្នាំ២០២៥” ពិតជាមានសារៈសំខាន់ណាស់ក្នុងការជួយជំរុញការត្រៀមខ្លួនរួចជាស្រេច (Cyber Readiness) ក្នុងការស្វែងយល់ ការការពារ ការបង្កា និងការឆ្លើយតប ពីការវាយប្រហារតាមប្រព័ន្ធអ៊ឺនធីណិត។ ដោយឡែកទិដ្ឋភាពនៃការគម្រាមកំហែងក៏អាចមានច្រើនរូបភាព ដើម្បីវាយប្រហារមកលើប្រព័ន្ធសន្តិសុខឌីជីថលដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ ក្នុងនោះ ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) គឺបរិបទថ្មីដែលកំពុងប្រឈមដល់គ្រប់ប្រទេសទាំងក្នុងតំបន់ និងសកលលោក។