រាជធានីភ្នំពេញ៖ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការមជ្ឈមណ្ឌលគាំទ្រសហគ្រិន Smart Startup Space ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា រួមជាមួយថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធសរុបប្រមាណ ១៣០នាក់ នៅអគារ Connexion កោះពេជ្រ។
មជ្ឈមណ្ឌលគាំទ្រសហគ្រិន Smart Startup Space ត្រូវបានបង្កើតឡើង ដើម្បីជំរុញនវានុវត្តន៍ និងសហគ្រិនជំនាន់ថ្មីនៅកម្ពុជា ហើយមជ្ឈមណ្ឌលនេះ ជាកន្លែងធ្វើការរួមគ្នា ផ្លាស់ប្តូរគំនិតគ្នា ការបំផុសគំនិត និងការជំរុញទៅរកភាពជោគជ័យ ជាមួយនឹងការពង្រឹងសេដ្ឋកិច្ចរបស់ប្រទេស។











