រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម សំ សិទ្ធិសេរី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានជួបប្រជុំទ្វេភាគីជាមួយ តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដឹកនាំដោយ លោកបណ្ឌិត ប៊ួយ រីណា អ្នកស្រាវជ្រាវបញ្ញាសិប្បនិម្មិត ដើម្បីពិភាក្សាលើសេចក្ដីព្រាងយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត។
ក្នុងឱកាសនោះ ក្រុមការងារក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានជម្រាបអំពីមូលហេតុនិងសាវតានៃការរៀបចំសេចក្តីព្រាងយុទ្ធសាស្រ្តជាតិនេះ ព្រមទាំងបានធ្វើបទបង្ហាញសង្ខេបអំពីខ្លឹមសារសំខាន់ៗនៃសេចក្តីព្រាងនេះផងដែរ។
តំណាងក្រសួងទាំងពីរបានពិភាក្សានិងផ្លាស់ប្ដូរយោបល់យ៉ាងសកម្មលើចំណុចជាច្រើនដើម្បីចូលរួមចំណែកកែលម្អសេចក្តីព្រាងនេះឱ្យកាន់តែប្រកបដោយគុណភាព ក្លាយជាឯកសារយុទ្ធសាស្រ្តជាតិមួយដែលអាចអនុវត្តបានយ៉ាងមានប្រសិទ្ធភាពនិងគ្រប់ជ្រុងជ្រោយ។




