ឯកឧត្តមរដ្ឋលេខាធិការ ម៉ម អំណត់ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីប្រៃសណីយ៍

រាជធានីភ្នំពេញ: នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ម៉ម អំណត់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីប្រៃសណីយ៍ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងអង្គភាពស្ថាប័នពាក់ព័ន្ធ ប្រធានមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្ត និងប្រតិបត្តិករប្រៃសណីយ៍ ប្រមាណ២៥០នាក់ នៅសណ្ឋាគារ​ សុខា​ ភ្នំពេញ។

សិក្ខាសាលាពិគ្រោះយោបល់នេះ​ រៀបចំឡេីងដើម្បីប្រមូលធាតុចូលពីភាគីពាក់ព័ន្ធ សំដៅរៀបចំសេចក្តីព្រាងច្បាប់នេះឱ្យបានគ្រប់ជ្រុងជ្រោយនិងពេញលេញ ជាពិសេសការចូលរួមពីវិស័យឯកជនដែលជាតួអង្គដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍវិស័យប្រៃសណីយ៍នៅកម្ពុជា។

គួរបញ្ជាក់ផងដែរ សេចក្តីព្រាងច្បាប់ស្តីពីប្រៃសណីយ៍ត្រូវបានតាក់តែងឡើងដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងកំពុងស្ថិតក្នុងដំណាក់កាលប្រមូលធាតុចូលពីគ្រប់តួអង្គពាក់ព័ន្ធ មុននឹងបន្តនីតិវិធីជាធរមាន។