រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុង “ពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារទិន្នន័យបុគ្គល” ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការ មកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងអង្គទូត តំណាងវិស័យឯកជន តំណាងសមាគមពាណិជ្ជកម្ម គណៈវិជ្ជាជីវៈ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងគ្រឹះស្ថានអប់រំស្រាវជ្រាវ ដែលមានចំនួនសរុបប្រមាណ ២០០ នាក់ នៅសណ្ឋាគារសុខាភ្នំពេញ។
ថ្លែងក្នុងពិធីបើកសិក្ខាសាលា ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីសារៈសំខាន់នៃសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារទិន្នន័យបុគ្គល។ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា ក្នុងចំណោមបណ្តាប្រទេសអាស៊ាន មានតែព្រះរាជាណាចក្រកម្ពុជា មីយ៉ាន់ម៉ា និងឡាវប៉ុណ្ណោះ ដែលមិនទាន់មានច្បាប់នេះ។ ក្នុងន័យនេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានផ្តួចផ្តើមរៀបចំសេចក្តីព្រាងច្បាប់នេះឡើង និងត្រៀមបញ្ចប់នៅចុងឆ្នាំ២០២៥ ឬដើមឆ្នាំ២០២៦។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា សេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារទិន្នន័យបុគ្គល ត្រូវបានរៀបចំឡើងដោយផ្អែកលើច្បាប់ និងគោលនយោបាយរបស់អង្គការអន្តរជាតិជាច្រើន ព្រមទាំងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាតិ សំដៅធានានូវសុខដុមនីយកម្ម ផ្នែកគតិយុត្តនិងភាពអនុវត្តបានប្រកបដោយប្រសិទ្ធិភាព។ នាឱកាសបើកសិក្ខាសាលានោះ ឯកឧត្តមរដ្ឋមន្ត្រីបានអំពាវនាវគ្រប់តួអង្គពាក់ព័ន្ធ និងសិក្ខាកាមទាំងអស់ ចូលរួមពិភាក្សាឱ្យបានសកម្ម ផុសផុល ដើម្បីផ្តល់ធាតុចូលកែលម្អសេចក្តីព្រាងច្បាប់នេះឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងប្រសើរឡើង។
មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ថា៖ «យើងត្រូវរួមគ្នាកសាងវប្បធម៌ការពារទិន្នន័យបុគ្គល តាមរយៈការធ្វើប្រព្រឹត្តកម្មទិន្នន័យដោយមានការទទួលខុសត្រូវ ដើម្បីផ្តល់អត្ថប្រយោជន៍ដល់ប្រជាជន សេដ្ឋកិច្ច និងសង្គមជាតិ ព្រមទាំងជំរុញពាណិជ្ជកម្មអន្តរជាតិស្របតាមគោលការណ៍ពហុនិយម»។
សូមជម្រាបជូនថា សិក្ខាសាលាពិគ្រោះយោបល់នេះមានគោលបំណងផ្សព្វផ្សាយជាសាធារណៈជូនភាគីពាក់ព័ន្ធ ដើម្បីធានាតម្លាភាព ភាពជឿទុកចិត្តបាន និងលើកទឹកចិត្តឱ្យមានការចូលរួមនិងផ្តល់ធាតុចូលពីភាគីពាក់ព័ន្ធលើសេចក្តីព្រាងច្បាប់ ព្រមទាំងប្រមូលធាតុចូលពីភាគីពាក់ព័ន្ធ ដើម្បីកំណត់អំពីភាពខ្វះចន្លោះ សង្គតិភាព បូរណភាព និងផលប៉ះពាល់នៃសេចក្តីព្រាងច្បាប់សំដៅធានាភាពគ្រប់ជ្រុងជ្រោយ សុខដុមភាវូបនីយកម្មគតិយុត្ត ឯកសណ្ឋានូបនីយកម្ម និងភាពរួចរាល់របស់ក្រសួង ស្ថាប័ន វិស័យឯកជន និងភាគីពាក់ព័ន្ធក្នុងការចូលរួមអនុវត្តច្បាប់នេះ។











