រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ ទេព រ៉ូដា អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និង ឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានអញ្ជេីញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព២០២៤-២០២៨ ដោយមានការចូលរួមពីតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ និង សមាជិក សមាជិកា ក្រុមការងារជនមានពិការភាព ក.ប.ទ. ព្រមទាំងមន្ត្រីនៃអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ នៅទីស្តីការ ក.ប.ទ.។







កិច្ចប្រជុំផ្សព្វផ្សាយនេះ រៀបចំឡើងក្នុងគោលបំណងជំរុញការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពី ពិការភាពឆ្នាំ២០២៤-២០២៨ ដែលរាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ក្នុងឱកាសមិទ្ទិញអបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី២៦ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤២ ដោយផ្តោតលើគោលដៅជាយុទ្ធសាស្ត្រដែលពាក់ព័ន្ធ សហគមន៍ដែលមានបរិយាបន្ននិងផាសុកវត្ថុដូចជា ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត មធ្យោបាយដឹកជញ្ជូន ព័ត៌មានទំនាក់ទំនង និងបច្ចេកវិទ្យាសម្រាប់ជនមានពិការភាព។
ក្នុងកិច្ចប្រជុំនេះក៏មានការពិភាក្សាលើសូចនាករដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ ក.ប.ទ. ត្រូវចូលរួមអនុវត្តផងដែរ។

