ឯកឧត្តមរដ្ឋលេខាធិការ ម៉ម អំណត់ បានដឹកនាំគណៈប្រតិភូ ចូលរួមមហាសន្និបាតលើកទី២៨ នៃសហភាពប្រៃសណីយ៍សកល (UPU) នៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាត អារ៉ាប់រួម

[ទីក្រុងឌូបៃ] ឯកឧត្តម​ ម៉ម អំណត់ រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ​បានដឹកនាំគណៈប្រតិភូ ចូលរួមមហាសន្និបាតលើកទី២៨ នៃសហភាពប្រៃសណីយ៍សកល (UPU) ពីថ្ងៃទី៨ ដលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាត អារ៉ាប់រួម។

មហាសន្និបាតនេះ មានការចូលរួមពីប្រទេសជាសមាជិករបស់សហភាព UPU ស្ថាប័នអន្តរជាតិ និងវិស័យឯកជន ក្នុងគោលបំណងពិនិត្យពិភាក្សាលើលទ្ធផលការងារដែលសម្រេចបាន និងពិនិត្យអនុម័តលើ យុទ្ធសាសាស្ត្រ ឆ្នាំ២០២៦-២០២៩ និងផែនការការងាររបស់សហភាព UPU ដោយជំរុញការអភិវឌ្ឍបណ្តាញប្រៃសណីយ៍ ដែលមានការតភ្ជាប់គ្នា ទំនើប ផ្តោតលើអ្នកប្រើប្រាស់ បរិយាបន្ន និងនិរន្តរភាព ព្រមទាំងយកចិត្តទុកដាក់លើការធ្វីនវានុវត្តន៍ កិច្ចសហប្រតិបត្តិការតំបន់ និងការអភិវឌ្ឍ ដើម្បីជំរុញការធ្វើបរិវត្តកម្មឌីជីថលវិស័យប្រៃសណីយ៍សកល និងចូលរួមគាំទ្រដល់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។

មហាសន្និបាតនេះក៏បានអនុម័តលើកិច្ចព្រមព្រៀងសេវាហិរញ្ញវត្ថុប្រៃសណីយ៍ ដោយអនុញ្ញាតដល់ប្រៃសណីយ៍ លើការពង្រីកសេវាប្រាក់សន្សំ សេវាធានារ៉ាប់រង សេវាកាបូបអេឡិចត្រូនិក និងសេវាហិរញ្ញវត្ថុផ្សេងៗទៀត។ ការណ៍នេះនឹងចូលរួមគាំទ្រដល់បរិយាបន្នសេាវាហិរញ្ញវត្ថុ និងជួយដល់ប្រតិបត្តិករក្នុងការធ្វើពិពិធកម្មសេវា​និងប្រាក់ចំណូល តាមរយ:បញ្ជរប្រៃសណីយ៍ដែលមានប្រមាណ ៦៧ម៉ឺន ៩ពាន់ នៅលើពិភពលោក។

សហភាពប្រៃសណីយ៍សកល (UPU)

សហភាព UPU​ គឺជាទីភ្នាក់ងារឯកទេស របស់អង្គការសហប្រជាជាតិលើវិស័យប្រៃសណីយ៍។ សហភាពនេះ បង្កើតឡើងនៅឆ្នាំ ១៨៧៤ ដោយមានសមាជិក ១៩២ ប្រទេសនៅពេលបច្ចុប្បន្ន ក្នុងគោលបំណងធ្វើសុខដុមនីយកម្មលើបទដ្ឋាននៃប្រតិបត្តិការសេវាប្រៃសណីយ៍ និងកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសជាសមាជិក សំដៅបម្រើសេវាប្រៃសណីយ៍នៅលើពិភពលោក។ ព្រះរាជាណាចក្រកម្ពុជា បានចូលរួមជាសមាជិកនៃសហភាពនេះ ពីឆ្នាំ១៩៥១មក។

#posts#telecommunications#digital#MPTC#GoDigitalCambodia#Cambodia