លោកជំទាវអនុរដ្ឋលេខាធិការ ទេព រ៉ូដា និងឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ​ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ “ផែនការយុទ្ធសាស្ត្រជាតិស្តីពី ពិការភាពឆ្នាំ២០២៤-២០២៨” ជូនក្រុមការងារសកម្មភាពជនពិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ ទេព រ៉ូដា អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.)​ និង ឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ​ បានអញ្ជេីញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព២០២៤-២០២៨ ដោយមានការចូលរួមពីតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ និង​ សមាជិក​ សមាជិកា​ ក្រុមការងារជនមានពិការភាព​ ក.ប.ទ.​ ព្រមទាំងមន្ត្រីនៃអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ នៅទីស្តីការ​ ក.ប.ទ.។

កិច្ចប្រជុំផ្សព្វផ្សាយនេះ រៀបចំឡើងក្នុងគោលបំណងជំរុញការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពី ពិការភាពឆ្នាំ២០២៤-២០២៨ ដែលរាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ក្នុងឱកាសមិទ្ទិញអបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី២៦ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤២ ដោយផ្តោតលើគោលដៅជាយុទ្ធសាស្ត្រដែលពាក់ព័ន្ធ សហគមន៍ដែលមានបរិយាបន្ននិងផាសុកវត្ថុដូចជា ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត មធ្យោបាយដឹកជញ្ជូន ព័ត៌មានទំនាក់ទំនង និងបច្ចេកវិទ្យាសម្រាប់ជនមានពិការភាព។

ក្នុងកិច្ចប្រជុំនេះក៏មានការពិភាក្សាលើសូចនាករដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់​ ក.ប.ទ.​ ត្រូវចូលរួមអនុវត្តផងដែរ។