ឯកឧត្តមរដ្ឋលេខាធិការ សូ វិសុទ្ធី បានអញ្ជើញចូលរួមក្នុងវេទិកា Plug and Play Cambodia Community Series: Scale and Connect ជាមួយនឹងសហគមន៍ធុរកិច្ចថ្មីឌីជីថល

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញចូលរួមក្នុងវេទិកា Plug and Play Cambodia Community Series: Scale and Connect ជាមួយនឹងសហគមន៍ធុរកិច្ចថ្មីឌីជីថល នៅមជ្ឈមណ្ឌលបច្ចេកវិទ្យា AUPP ។ ពិធីនេះ មានការអញ្ជើញចូលរួមពី លោក Jupe Tan នាយកផ្នែកកិច្ចសហប្រតិបត្តិការប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន Plug and Play ឯកឧត្តម សំ សិទ្ធិសេរី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន រួមជាមួយនឹងថ្នាក់ដឹកនាំ ក.ប.ទ. តំណាងមជ្ឈមណ្ឌលបចេ្ចកវិទ្យាអេយូភីភី អ្នកជំនាញពន្លឿនធុរកិច្ចថ្មីឌីជីថល សហគមន៍ធុរកិច្ចថ្មីឌីជីថល ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល និងនិស្សិត សរុបប្រមាណ ១៦០រូប។

វេទិកា Plug and Play Cambodia Community Series: Scale and Connect នេះរៀបចំឡើងក្នុងគោលបំណងចែករំលែកចំណេះដឹង បង្កើនទំនាក់ទំនង និងបណ្ដុះគំនិតដល់សហគមន៍ស្ថាបនិកធុរកិច្ចថ្មី ដើម្បីពង្រីកអាជីវកម្មទៅក្នុងតំបន់និងសកលលោក។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ សូ វិសុទ្ធី បានសង្កត់ធ្ងន់ថា ធុរកិច្ចថ្មីឌីជីថលមានតួនាទីសំខាន់ណាស់ ក្នុងការជំរុញឲ្យមាននវានុវត្ដន៍ឌីជីថល និងកំណើនសេដ្ឋកិច្ច។ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ ក.ប.ទ. ក្នុងការគាំទ្រធុរកិច្ចថ្មីឌីជីថលកម្ពុជា តាមរយៈភាពជាដៃគូ កម្មវិធីពន្លឿននិងអភិវឌ្ឍធុរកិច្ចថ្មីឌីជីថល ពង្រីកបណ្ដាញទំនាក់ទំនងដៃគូ និងឱកាសវិនិយោគ ជាមួយនឹងចក្ខុវិស័យលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីឌីជីថល និងប្រែក្លាយប្រទេសកម្ពុជាជាមជ្ឈមណ្ឌលនវានុវត្ដន៍ឌីជីថលឈានមុខមួយក្នុងតំបន់។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជូនដំណឹងអំពីកម្មវិធីពន្លឿននិងអភិវឌ្ឍធុរកិច្ចថ្មីឌីជីថលរបស់ Plug and Play Cambodia ដែលគ្រោងរៀបចំឡើងក្នុងខែតុលា ឆ្នាំ២០២៥ខាងមុខ និងបានសំណូមពរដល់សហគមន៍ធុរកិច្ចថ្មីឌីជីថលទាំងអស់ចូលរួមក្នុងកម្មវិធីខាងលើដើម្បីពង្រឹងសមត្ថភាព សក្ដានុពល និងអាចពង្រីកអាជីវកម្មទៅកាន់ទីផ្សារក្នុងតំបន់និងសកលលោក។