គណៈប្រតិភូកម្ពុជាជំរុញកិច្ចសហការជាមួយសាកលវិទ្យាល័យ Harvard លេីការប្រេីប្រាស់ថ្នាល verify.gov.kh

ទីក្រុង Cambridge សហរដ្ឋអាមេរិក៖ នៅថ្ងៃទី១-២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ជា សេរីវឌ្ឍ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន​គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បានដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាកលវិទ្យាល័យ Harvard និងបានធ្វើបទបង្ហាញអំពីថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ដែលជាចំណែកមួយដ៏សំខាន់នៃការបង្ហាញអំពីការកសាងរដ្ឋាភិបាលឌីជីថលនៅកម្ពុជា និងស្វែងរកកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យ។ ឯកឧត្តមក៏បានចែករំលែកអំពីកាអភិវឌ្ឍន៍និងការប្រើប្រាស់ថ្នាល verify.gov.kh ដែលមានបំពាក់បច្ចេកវិទ្យាប្លុកឆេន និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ប្រកបដោយសុវត្ថិភាព និងជំនឿទុកចិត្ត ក្នុងការផ្ទៀងផ្ទាត់ឯកសារផ្លូវការ និងជំរុញការជឿទុកចិត្តលើការផ្ដល់សេវាសាធារណៈ។

ជាមួយគ្នានេះ ឯកឧត្តម ក៏បានជួបជាមួយថ្នាក់ដឹកនាំ អ្នកបច្ចេកវិទ្យា សាស្ត្រាចារ្យ និងនិស្សិត ដើម្បីចែករំលែកអំពីគំរូជាក់ស្តែងរបស់ប្រទេសកម្ពុជា សម្រាប់ការដាក់ឱ្យប្រើប្រាស់សេវាសាធារណៈឌីជីថលប្រកបដោយសុវត្ថិភាព និងអន្តរប្រតិបត្តិការបានដោយភាពជោគជ័យនៅក្នុងរយៈពេលខ្លី។ កម្ពុជាកំពុងស្វែងរកកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយដៃគូអន្តរជាតិ ដើម្បីពង្រីកលទ្ធភាព និងសក្ដានុពលនៃការប្រេីប្រាស់ថ្នាលសម្រាប់​វិស័យ​ឯកជន​។

ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូកម្ពុជា បានជួបជាមួយលោកបណ្ឌិត Joshua McIntosh អភិបាលប្រតិបត្តិនៃ Harvard Kennedy School (HKS) ដើម្បីសិក្សាលទ្ធភាពកិច្ចសហប្រតិបត្តិការ​ និងដាក់ថ្នាល Verify.gov.kh ជាករណីសិក្សា​ (Case Study)​ សម្រាប់​បង្រៀន​នៅ HKS។ បន្ថែមពីលើការសហការជាមួយ HKS គណៈប្រតិភូកកម្ពុជាក៏បានជួបជាមួយលោក Jason Freeman ដែលជានាយកប្រតិបត្តិនៃ Cone Technologies លោក Abhishek Suryawanshi ប្រធានសមាគម HSSPA និងលោកបណ្ឌិត Vesall Nourani មកពី Harvard Graduate School of Education ផងដែរ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើការរៀបចំស្តង់ដារដ្ឋាភិបាលឌីជីថល និងការកសាងសមត្ថភាព ដើម្បីគាំទ្រដល់ការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងប្រទេសកម្ពុជា និងក្នុងតំបន់។

សូមជម្រាបជូនថា ថ្នាល verify.gov.kh ត្រូវបានដាក់ឱ្យដំណើរការចាប់តាំងពីខែមករា ឆ្នាំ2023 ដែលបច្ចុប្បន្នត្រូវបានដាក់ឱ្យប្រើប្រាស់នៅក្នុង 24ក្រសួងស្ថាប័ន គ្របដណ្តប់ 100ភាគរយ នៃសាកលវិទ្យាល័យសាធារណៈ និងជាង 70ភាគរយ នៃសាកលវិទ្យាល័យឯកជន។ គិតត្រឹមពេលនេះ ថ្នាល verify.gov.kh ត្រូវបានដាក់នៅលើឯកសារឌីជីថល ដើម្បីផ្ទៀងផ្ទាត់ជាង 2លាន ឯកសាររួចមកហើយ និងបានក្លាយជាថ្នាល់កម្រិតពិភពលោកមួយដែលអាចទុកចិត្តបាន និងមាននវានុវត្តន៍ក្នុងការអភិវឌ្ឍរដ្ឋាភិបាលឌីជីថល។ ការទទួលស្គាល់ជាសកលរបស់ថ្នាល Verify.gov.kh រួមមាន ពានរង្វាន់ ASEAN Digital Award 2024, ITU Global Innovation Awards 2024 និងការទទួលស្គាល់នៅកិច្ចប្រជុំ Global DPI Summit 2024។ គួរកត់សម្គាល់ថាថ្នាល verify.gov.kh ត្រូវបានទទួលស្គាល់ដោយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិថា (United Nations Development Programme – UNDP) ជាសសរស្តម្ភទី៤ក្នុងបន្ថែមលើសសរស្តម្ភទាំង៣ នៃហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថល រួមមានអត្តសញ្ញាណឌីជីថល ការផ្លាស់ប្តូរទិន្នន័យ និងការទូទាត់ទឹកប្រាក់តាមប្រព័ន្ធឌីជីថល។ ឯកឧត្តម ជា សេរីវឌ្ឍ បានចែករំលែកនូវសមិទ្ធិផលសំខាន់ៗ នៃថ្នាល verify.gov.kh ដែលបានចាប់ផ្តើមនៅក្នុងប្រទេសកម្ពុជា រួចបានពង្រីកខ្លួនទៅកាន់ប្រទេសឡាវ ហ្វីលីពីន និងទីម័រខាងកើត នៅក្នុងព្រឹត្តិការណ៍ 50-ក្នុង-5 នៅអំឡុងពេល UN Week នៅទីក្រុងញូវយ៉ក មុនពេលមកទស្សនកិច្ចនៅសាកលវិទ្យាល័យ Harvard នេះ។