ឯកឧត្តមរដ្ឋលេខាធិការ សូ វិសុទ្ធី បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹង ស្តីពី “ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យប្រៃសណីយ៏ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន”

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងជាប្រធានក្រុមការងារសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់ ក.ប.ទ. បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹង ស្តីពី “ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យប្រៃសណីយ៏ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន” នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ឯកឧត្តមសាស្ត្រាចារ្យសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា លោក គង់ បញ្ញារិទ្ធ អនុប្រធានលេខាធិការដ្ឋាន នៃ គ.ស.អ.ស.ក លោក លោកស្រី មន្ត្រីរាជការ ក.ប.ទ. មន្ទីរ ប.ទ. ទាំង២៤ខេត្ត និងតំណាងក្រុមហ៊ុនប្រតិបត្តិករ ក្នុងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យ សរុបប្រមាណ២៤០នាក់។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង ១). ផ្សព្វផ្សាយបញ្រ្ជាបការយល់ដឹងស្ដីពីយុទ្ធសាស្រ្តជាតិស្ដីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ២). អត្ថប្រយោជន៍ផ្សេងៗនៃការចុះឈ្មោះក្នុងថ្នាលឌីជីថលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធដើម្បីជំរុញការចូលរួមរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និង ៣). យល់ដឹងវិធីសាស្រ្តការចុះឈ្មោះក្នុងថ្នាលឌីជីថល។ សិក្ខាសាលានេះក៏មានការធ្វើបទបង្ហាញពីវាគ្មិន អំពីទិដ្ឋភាពទូទៅនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ អត្ថប្រយោជន៍នានា និងកាចែករំលែកបទពិសោធន៍ក្នុងការកៀគរអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហើយមន្ទីរ ប.ទ. និងតំណាងក្រុមហ៊ុនប្រតិបត្តិករ ក្នុងវិស័យទាំងបី ក៏បានលើកឡើងជាសំណួរនិងសំណូមពរមួយចំនួនពាក់ព័ន្ធនឹងអត្ថប្រយោជន័នៃការចុះឈ្មោះតាមថ្នាលឌីជីថល ការបណ្តុះបណ្តាលជំនាញ ការគាំពារសង្គម និងការគាំទ្រពី ក.ប.ទ. ផងដែរ។

ទន្ទឹមនឹងនេះ ក្រុមការងារ ក.ប.ទ. បានដាក់ទិសដៅក្នុងការអនុវត្តការងារបន្ត ដូចខាងក្រោម៖ ១). ជម្រុញលើកកម្ពស់ការយល់ដឹងបន្ថែមពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធជូនដល់ភាគីពាក់ព័ន្ធ ជាពិសេសការយល់ដឹងពីអ្វីជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ អត្ថប្រយោជន៍នៃការចុះឈ្មោះចូលរួម រួមទាំងវិធីសាស្ត្រក្នុងការចុះឈ្មោះដោយស្ម័គ្រចិត្តចូលក្នុងថ្នាលឌីជីថលសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធផងដែរ។ ២). សំណូមពរអង្គភាពពាក់ព័ន្ធចំណុះក្រសួង មន្ទីរ ប.ទ.ទាំង២៤ ព្រមទាំងបណ្តាក្រុមហ៊ុននិងប្រតិបត្តិករពាក់ព័ន្ធក្នុងវិស័យទាំងបី ជួយផ្សព្វផ្សាយខ្លឹមសារ និងសហការកៀគរអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ៣. ក្រុមការងារ ក.ប.ទ. នឹងបន្តសហការជាមួយលេខាធិការដ្ឋាន នៃ គ.ស.អ.ស.ក និងភាគីពាក់ព័ន្ធ ដើម្បីជំរុញការអនុវត្តផែនការសកម្មភាព ក៏ដូចជាការសិក្សាស្រាវជ្រាវ ដើម្បីរៀបចំយន្តការបង្កលក្ខណៈងាយស្រួល និងកញ្ចប់អត្ថប្រយោជន៍ សំដៅជំរុញអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឲ្យមានការរីកចម្រើន និងអាចឈានចូលក្នុងប្រព័ន្ធ។

#posts#telecommunications#digital#MPTC#GoDigitalCambodia#Cambodia