ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្ដីពីភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល” ដល់ថ្នាក់ដឹកនាំជារដ្ឋលេខាធិការប្រចាំការ នៃក្រសួង ស្ថាប័ន

ខេត្តព្រះសីហនុ៖ រសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ជាវ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតខ្ពស់ស្ដីពីភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល” ដល់ថ្នាក់ដឹកនាំជារដ្ឋលេខាធិការប្រចាំការក្រសួង ស្ថាប័ន ក្នុងរាជរដ្ឋាភិបាល។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ថា កម្ពុជាមានបំណងកាត់បន្ថយការប្រើប្រាស់ក្រដាស (Paperless Framework) ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ ដើម្បីសម្រេចគោលដៅនេះ យើងចាំបាច់ត្រូវពាំនាំការជឿទុកចិត្តនេះទៅពិភពឌីជីថល ក្នុងន័យនេះ ក.ប.ទ. បានខិតខំអភិវឌ្ឍថ្នាលឌីជីថលដែលអាចកាត់បន្ថយការប្រើប្រាស់ក្រដាសប្រកប ដោយភាពជឿទុកចិត្ត ចំនួន ២ គឺ ថ្នាលផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ Verify.gov និងថ្នាលផ្ទុកឯកសារសាធារណៈ Go.gov.kh ហើយក្នុងពេលខាងមុខក្រសួងគ្រោងនឹងគោរពសុំការអនុញ្ញាតពីរាជរដ្ឋាភិបាលក្នុងការដាក់ឱ្យប្រើប្រាស់ថ្នាលមួយទៀតគឺហត្ថលេខាឌីជីថល (Digital Signature)។ ឯកឧត្តមរដ្ឋមន្រ្តី បន្តថា ថ្នាល verify ត្រូវបានដាក់ឱ្យប្រើប្រាស់ដោយរាជរដ្ឋាភិបាលកម្ពុជា និងត្រូវបានប្រើប្រាស់នៅក្នុងប្រទេសអាស៊ានមួយចំនួន ក្នុងនោះហ្វីលីពីន បានរៀនសូត្រពីថ្នាលនេះ ដើម្បីអភិវឌ្ឍថ្នាល verify ដូចនឹងកម្ពុជា ដោយបានដាក់ឱ្យប្រើប្រាស់លើអត្តសញ្ញាណបណ្ណឌីជីថលបានចំនួនជាង ៩០លានបណ្ណ ហើយត្រូវបានប្រតិបត្តិការដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវរហូតដល់ជាង ១៦៤ លានដង ក្នុងរយៈពេលដ៏ខ្លី។

វគ្គបណ្តុះបណ្តាលនេះ មានការចែករំលែកពីសំណាក់សាស្រ្តាចារ្យមកពីស្ថាប័ន HEC Paris វាគ្មិនជាតិ-អន្តរជាតិ ព្រមទាំងមានវត្តមានឯកឧត្តម David L. Almirol Jr. អនុរដ្ឋមន្រ្តីក្រសួងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃសាធារណៈរដ្ឋហ្វីលីពីន នៅសណ្ឋាគារសុខាឆ្នេរសុខា ខេត្តព្រះសីហនុ។

#posts#telecommunications#digital#MPTC#GoDigitalCambodia#Cambodia