សហរដ្ឋអាមេរិក: នៅថ្ងៃទី១៨-២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានដឹកនាំគណៈប្រតិភូ ក.ប.ទ. រួមជាមួយក្រុមហ៊ុនបច្ចេកវិទ្យានិងធុរកិច្ចថ្មីឌីជីថល (Digital Startup) ចំនួន ២ រួមមាន BookMeBus និង Bamnang ទៅចូលរួមកម្មវិធី Silicon Valley Summit 2025 ដែលរៀបចំដោយ ក្រុមហ៊ុន Plug and Play នៅទីក្រុង Sunnyvale រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។
កម្មវិធីនេះ ជាព្រឹត្តិការណ៍សម្រាប់សហគ្រិនធុរកិច្ចថ្មីឌីជីថល វិនិយោគិន ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ និងអ្នកជំនាញនានា បង្ហាញអំពីផលិតផល សេវាកម្ម ឬដំណោះស្រាយថ្មីៗ បង្កើតបណ្ដាញនិងដៃគូពាណិជ្ជកម្ម ការស្វែងរកមូលនិធិ និងការ Pitching ដើម្បីទទួលបានការវិនិយោគ ព្រមទាំងជាសិក្ខាសាលាចែករំលែកចំណេះដឹងនិងបទពិសោធពីថ្នាក់ដឹកនាំក្រុមហ៊ុន និងអ្នកជំនាញលើវិស័យជាច្រើន និងមានអ្នកចូលរួមប្រមាណ ៦ ០០០ នាក់ មកពីជុំវិញពិភពលោក និងធុរកិច្ចថ្មីឌីជីថលអន្តរជាតិ ជាង ១ ១០០ លើ ២៥ វិស័យផ្សេងគ្នាចូលរួមផងដែរ។ ធុរកិច្ចថ្មីឌីជីថលកម្ពុជា បានកសាងបណ្ដាញជាមួយធុរកិច្ចថ្មីឌីជីថលអន្តរជាតិនានា និងចាប់យកឱកាសវិនិយោគពីក្រុមហ៊ុន Plug and Play ដែលជាការជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីឌីជីថលកម្ពុជា ឱ្យរីកចម្រើនកាន់តែឆាប់រហ័ស ជាពិសេសចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧។








ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានជួបពិភាក្សាជាមួយ លោក Larry Klein អភិបាលក្រុង Sunnyvale ដើម្បីស្វែងយល់អំពីឧត្តមានុវត្តន៍នៃការធ្វើបរិវត្តកម្មឌីជីថល និងបន្តកិច្ចសហប្រតិបត្តិការ ចែករំលែចំណេះដឹងនិងឧត្តមានុវត្តន៍បរិវត្តកម្មឌីជីថល រវាង ក.ប.ទ. និងទីក្រុង Sunnyvale ជាទីក្រុងរបស់តំបន់ Silicon Valley ដែលប្រមូលផ្ដុំទៅដោយក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោកជាច្រើន។ លើសពីនេះ ប្រតិភូ ក.ប.ទ. ក៏បានជាមួយពិភាក្សារជាមួយ គណៈប្រតិភូនៃតំបន់អភិវឌ្ឍសេដ្ឋកិច្ចនិងបច្ចេកវិទ្យា Nantong (NETDA) ដើម្បីស្វែងយល់ពីសក្ដានុពលនិងកិច្ចសហប្រតិបត្តិការ ក៏ដូចជាឱកាសក្នុងការនាំយកធុរកិច្ចថ្មីឌីជីថលនៅកម្ពុជាពង្រីកទីផ្សារទៅកាន់ទីក្រុង Nantong។ ទន្ទឹមនឹងនេះ ប្រតិភូ ក.ប.ទ. ក៏បានជួបជាមួយអ្នកជំនាញរបស់មជ្ឈមណ្ឌល Plug and Play ដើម្បីពិភាក្សាការងាររៀបចំផែនការយុទ្ធសាស្រ្ត ៥ឆ្នាំ សម្រាប់អភិវឌ្ឍអេកូឡូស៊ីធុរកិច្ចថ្មីឌីជីថលនៅកម្ពុជាផងដែរ។
#posts#telecommunications#digital#MPTC#GoDigitalCambodia#Cambodia

