រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងឯកឧត្តម អាត់ស៊ូស៊ី អ៊ូអិណូ (Atsushi UENO) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើមជ្ឈមណ្ឌលប្រតិបត្តិការសន្តិសុខសាយប័រ (Security Operation Centre – SOC) នៅទីស្ដីការ ក.ប.ទ.។
ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមឯកអគ្គរាជទូតជប៉ុន បានសម្ដែងនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើផ្នែកបច្ចេកវិទ្យាឌីជីថល និងការបណ្តុះបណ្តាលមូលធនឌីជីថលដើម្បីជំរុញការធ្វើបរិវត្តកម្មឌីជីថលឱ្យកាន់តែល្អប្រសើរ។










សូមជម្រាបជូនថា មជ្ឈមណ្ឌល SOC ត្រូវបានបង្កើតឡើងក្រោមគម្រោងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៃជំនួយរដ្ឋាភិបាលជប៉ុន ក្នុងគោលបំណងពង្រឹងប្រព័ន្ធគ្រប់គ្រងនិងការពារសន្តិសុខឌីជីថលនៃហេដ្ឋារចនាសម្ព័ន្ធព័ត៌មានជាតិ ដើម្បីកសាងភាពធន់ និងភាពជឿទុកចិត្តលើប្រព័ន្ធរដ្ឋាភិបាលឌីជីថល។ មជ្ឈមណ្ឌលនេះ មានបំពាក់នូវសម្ភារបរិក្ខារបច្ចេកទេស និងប្រព័ន្ធសុវត្ថិភាពសន្តិសុខសាយប័រសម្រាប់តាមដាន ត្រួតពិនិត្យ ទប់ស្កាត់ និងឆ្លើយតបទៅនឹងការវាយប្រហារតាមប្រព័ន្ធអ៉ីនធឺណិតមកលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល ប្រព័ន្ធប្រតិបត្តិការ និងបច្ចេកវិទ្យាឌីជីថលស្នូលរបស់ក្រសួង ស្ថាប័ន នៅក្នុងក្របខណ្ឌរាជរដ្ឋាភិបាល។
គិតចាប់ពីខែឧសភា ឆ្នាំ២០២៥ មកដល់បច្ចុប្បន្ន ការវាយប្រហារ DDoS មកលើក្រសួង ស្ថាប័ន មានរហូតដល់ទៅ ៤៥១.៧ លានដង ប៉ុន្តែមជ្ឈមណ្ឌល SOC មានសមត្ថភាពការពារពីការវាយប្រហារ DDoS នេះស្ទើរតែ ១០០%។
#posts#telecommunications#digital#MPTC#GoDigitalCambodia#Cambodia

