ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី“ភាពជាអ្នកដឹកនាំរបស់ស្រ្តីប្រកបដោយបរិយាបន្នក្នុងដំណើរឆ្ពោះទៅរកសង្គមឌីជីថលដ៏ល្អនិងរស់រវើក”

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញអធីបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី“ភាពជាអ្នកដឹកនាំរបស់ស្រ្តីប្រកបដោយបរិយាបន្នក្នុងដំណើរឆ្ពោះទៅរកសង្គមឌីជីថលដ៏ល្អនិងរស់រវើក” ដោយមានការចូលរួមពីលោកជំទាវ គឹម ស៊ីផាត់ រដ្ឋលេខាធិការប្រចាំការក្រសួងកិច្ចការនារី ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក និយោជិត នៃ ក.ប.ទ និងមន្ទីរ ប.ទ. គ្រប់ខេត្ត ប្រមាណជាង ៤០០រូប នៅសណ្ឋាគារសាន់វ៉េ។

ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ថា តាំងពីដើមរៀងមកស្រ្តីគឺកម្លាំងស្នូលក្នុងការចូលរួមកសាងនិងស្ថាបនាជាតិ ព្រមទាំងបានចូលរួមដ៏សកម្មលើគ្រប់វិស័យទាំងសាធារណៈ និងឯកជន។ ឯកឧត្តមរដ្ឋមន្រ្តី បន្តថា រាជរដ្ឋាភិបាលកម្ពុជា តែងតែផ្តល់អាទិភាពនិងលើកទឹកចិត្តដល់ស្រ្តីក្នុងការបំពេញកិច្ចការងារផ្សេងៗដូចបុរស ដោយគ្មានការរើសអើង។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រុមការងារបញ្ជ្រាបយេនឌ័រនៃ ក.ប.ទ. ដែលបានរៀបចំកម្មវិធីដ៏មានសារៈសំខាន់នេះឡើង ដើម្បីពង្រឹងនិងអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការជាស្ត្រីដែលបម្រើការក្នុងក្រសួង និងអង្គភាពចំណុះក្រសួង ក៏ដូចជាអ្នកពាក់ព័ន្ធផ្សេងទៀត សំដៅជំរុញការចាប់យកបច្ចេកវិទ្យាឌីជីថល និងការធ្វើបរិវត្តកម្មឌីជីថល ព្រមទាំងលើកកម្ពស់ភាពជាអ្នកដឹកនាំឌីជីថលរបស់ស្ត្រី។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យមានការៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថលនិងវគ្គបណ្តុះបណ្តាលផ្សេងទៀត និងអំពាវនាវឱ្យមានការចូលរួមពីស្ដ្រីក្នុងវិស័យឌីជីថល។

#posts#telecommunications#digital#MPTC#GoDigitalCambodia#Cambodia