ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី The Inaugural MWC Doha and GSMA Ministerial Programme នៅទីក្រុងដូហា ប្រទេសកាតា

ទីក្រុងដូហា ប្រទេសកាតា៖ នៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំគណៈប្រតិភូនិយ័តករទូរគមនាគមន៍កម្ពុជា ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី The Inaugural MWC Doha and GSMA Ministerial Programme ដែលជាកិច្ចប្រជុំកម្រិតខ្ពស់នៅក្នុងមហាសន្និបាតទូរសព្ទចល័តពិភពលោក (Mobile World Congress Doha) ឆ្នាំ២០២៥ នៅទីក្រុងដូហា ប្រទេសកាតា ដោយមានការអញ្ជើញចូលរួមពីបណ្តាថ្នាក់ដឹកនាំជាន់ខ្ពស់ ស្ថាប័នជាតិនិងអន្តរជាតិ។

កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញការអភិវឌ្ឍឌីជីថលក្នុងតំបន់ និងអន្តរជាតិ ដោយប្រមូលផ្ដុំថ្នាក់ដឹកនាំរដ្ឋាភិបាលនិងឧស្សាហកម្ម និយ័តករ និងសហគមន៍ឌីជីថលជុំវិញពិភពលោក ដើម្បីពិភាក្សាអំពីគោលនយោបាយកម្រិតខ្ពស់ និងកិច្ចសហការជាយុទ្ធសាស្ត្រផ្សេងៗ។ កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីនេះ បានបង្កើតជាវេទិកាសម្រាប់កិច្ចសន្ទនា និងកិច្ចពិភាក្សាប្រកបដោយអត្ថន័យ និងភាពជាដៃគូ ដែលជំរុញនវានុវត្តន៍ និងពន្លឿនបរិវត្តកម្មឌីជីថល តាមរយៈការរៀបចំកិច្ចប្រជុំ និងកិច្ចពិភាក្សាទម្រង់បិទ (closed-door roundtables) ដែលផ្តោតលើប្រធានបទសំខាន់ៗពាក់ព័ន្ធនឹងបរិវត្តកម្មឌីជីថល ជាអាទិ៍ បញ្ញាសិប្បនិម្មិត សេដ្ឋកិច្ចឆ្លាតវៃ (Intelligent Economies) ឧស្សាហកម្មតភ្ជាប់ (Connected Industries) ការកំណត់តម្លៃវិសាលគមន៍ សន្តិសុខសាយប័រ នវានុវត្តន៍ក្នុងសេវាឌីជីថល និងស្ថាបត្យកម្មបណ្តាញ។