ប្រទេសបារាំង: ថ្ងៃទី១៧-២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម អុឹង សុខឧត្តម ទីប្រឹក្សាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកម្មវិធី European Cyber Week លើកទី១០ ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលឧត្តមភាពសាយប័រ (The Pôle d’Excellence Cyber) នៃសាធារណរដ្ឋបារាំង និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ អ្នកជំនាញបច្ចេកទេសសន្តិសុខសាយប័រ និងបញ្ញាសិប្បនិម្មិត សហគ្រិនឌីជីថល និងអ្នកស្រាវជ្រាវបច្ចេកវិទ្យាថ្មីៗ មកពីបណ្តាប្រទេសជុំវិញអ៊ឺរ៉ុប ដើម្បីពិភាក្សានិងចែករំលែកអំពីការវិវឌ្ឍថ្មីៗនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងសន្តិសុខសាយប័រ។
ជាមួយគ្នានេះ ឯកឧត្តម ក៏បានថ្លែងសុន្ទរកថាអំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាពិសេសកិច្ចសហប្រតិបត្តិការរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង ជាមួយកម្ពុជា និងបានលើកឡើងពីបច្ចុប្បន្នភាពនៃបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា និងកិច្ចការងារជាអាទិភាពសំខាន់ៗមួយចំនួនរួមមាន ៖ (១). ការយកចិត្តទុកខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាលើកិច្ចការសន្តិសុខសាយប័រតាមរយៈការរៀបចំច្បាប់សន្តិសុខសាយប័រ និងការបង្កើតគណៈកម្មាធិការសន្តិសុខឌីជីថលស្របតាមការអនុវត្តផែនការយុទ្ធសាស្រ្តបច្ចុកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលកំពុងផ្តោតយកចិត្តទុកលើការកសាងសេដ្ឋកិច្ចនិងសង្គមឌីជីថលសំដៅដល់ការជឿជាក់លើការប្រើប្រាស់ប្រព័ន្ធឌីជីថល, (២). ការធ្វើបច្ចុប្បន្នភាព និងធ្ធ្វើឱ្យប្រសើរឡើងនៃមជ្ឈមណ្ឌលប្រតិបត្តិការសន្តិសុខសាយប័រ ការបណ្តុះបណ្តាលធនធានមនុស្សសាយប័រ និងការបង្កើនកិច្ចសហប្រតិបត្តិការនានាទាំងវិស័យឯកជន និងវិស័យរដ្ឋលើបច្ចេកវិទ្យាឌីជីថល,(៣). ការបង្កើតឧទ្យានឌីជីថលកម្ពុជា ដែលជាមជ្ឈមណ្ឌលដ៏សំខាន់ក្នុងការជំរុញការគាំទ្រដល់ការវិនិយោគផ្នែកបច្ចេកវិទ្យាឌីជីថលថ្មីៗ ជាមជ្ឈមណ្ឌលគាំទ្រការស្រាវជ្រាវនូវបច្ចេកវិទ្យា និងសម្រួលដល់កិច្ចការរដ្ឋបាលសម្រាប់សហគ្រិនភាពឌីជីថលផងដែរ, (៤). ការត្រៀមរៀបចំព្រឹត្តិការណ៍ហ្រ្វង់កូតិច-FrancoTech កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីឆ្នាំ២០២៦ ដែលគ្រោងរៀបចំឡើងនៅព្រះរាជាណាចក្រកម្ពុជានាពេលខាងមុខ។




បន្ថែមលើនេះ ឯកឧត្តម ក៏បានលើកពីសារៈសំខាន់នៃការចូលរួមពីក្រុមហ៊ុនបច្ចេកវិទ្យានៅតាមបណ្តាប្រទេសអ៊ឺរ៉ុប និងសាធារណរដ្ឋបារាំង ដើម្បីចូលរួមកម្មវិធីឱ្យបានច្រើន និងពិចារណាលើការវិនិយោគលើវិស័យបច្ចេកវិទ្យាឌីជីថល ជាពិសេសសន្តិសុខសាយប័រ និងបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត (AI) នាពេលអនាគត់ នៅកម្ពុជា។ ដោយឡែកបន្ទាប់ពីការអញ្ជើញចូលរួមកម្មវិធី European Cyber Week លើកទី១០ នៅទីក្រុងរ៉េន នៃសាធារណរដ្ឋបារាំង ឯកឧត្តម ក៏បានអញ្ជើញធ្វើដំណើរទៅទស្សនកិច្ចសិក្សានៅ Campus Cyber នៅទីក្រុងបារីស ដែលជាមជ្ឈមណ្ឌលបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីនៃសារធារណរដ្ឋបារាំង ដើម្បីជំរុញការប្រមូលផ្តុំក្រុមហ៊ុនសន្តិសុខសាយប័រ និងអង្គភាពជំនាញលើវិស័យសន្តិសុខសាយប័រជាតិរបស់សាធារណរដ្ឋបារាំង។
#posts#telecommunications#digital#MPTC#GoDigitalCambodia#Cambodia

