រាជធានីភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមអបអរសាទរដល់ Bamnang Academy ដែលត្រូវបាន មជ្ឈមណ្ឌលបច្ចេកវិទ្យា Plug and Play ជ្រើសរើសជាក្រុមហ៊ុនទី ១ របស់កម្ពុជា ដើម្បីវិនិយោគ និងមានបំណងជំរុញឱ្យទៅជាក្រុមហ៊ុនកម្រិតអន្តរជាតិ។ នៅក្នុងកម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៥ Bamnang Academy ក៏ត្រូវបានជ្រើសរើសជាជ័យលាភីលេខ២ ពានរង្វាន់រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រចាំឆ្នាំ២០២៥ ពីក្នុងចំណោមធុរកិច្ចថ្មី និងក្រុមហ៊ុន ៨៦ ដែលបានចូលរួមប្រកួតប្រជែង។ ពិធីប្រកាសពានរង្វាន់ឆ្នាំនេះ ចូលរួមដោយថ្នាក់ដឹកនាំក្រសួងស្ថាប័ន ធុរកិច្ចថ្មីឌីជីថលអាស៊ាន និងភ្ញៀវបរទេសមកពីប្រមាណ ២៧ ប្រទេស។
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានបង្ហាញចំណាប់អារម្មណ៍ទាំងមោទនភាពថា “ការសម្រេចចិត្ត របស់ Plug and Play វិនិយោគលើ Bamnang Academy ស្ដែងឱ្យឃើញពីលទ្ធផលនៃកិច្ចខិតខំរបស់គ្រប់ភាគគីពាក់ព័ន្ធក្នុងការកសាងបរិយាកាសអំណោយផលសម្រាប់អ្នកមានសមត្ថភាពក្នុងការចាប់ឱកាសរីកចម្រើន ទាំងក្នុងស្រុង និងសាកលលោក។ ការវិនិយោគនេះគឺជាសមិទ្ធផលដ៏សំខាន់ សម្រាប់ប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីឌីជីថលរបស់កម្ពុជាដែលកំពុងរីកចម្រើន និងឆ្លុះបញ្ចាំងពីសមត្ថភាពលេចធ្លោរបស់ធុរជនកម្ពុជាក្នុងវិស័យបច្ចេកវិទ្យាឌីជីថល។” ឯកឧត្ដម David L. Almirol អនុរដ្ឋមន្ត្រី ក្រសួងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (DICT) នៃសាធារណរដ្ឋហ្វ៊ីលីពីន បានផ្ដល់ការលេីកទឹកចិត្តជាប្រាក់រង្វាន់ដល់ក្រុមហ៊ុន Jobify និង Bamnang ចំនួន ១ម៉ឺនដុល្លារ ក្នុង ១ក្រុមហ៊ុន។





Plug and Play គឺជាក្រុមពន្លឿនធុរកិច្ចថ្មី (Startup Accelerator) ដ៏ល្បីល្បាញបំផុតមួយក្នុងពិភពលោក ដែលមានស្នាដៃជួយស្ថាបនិកអាជីវកម្មដំណាក់កាលដំបូងឱ្យរីកចម្រើនក្លាយជា Unicorns (ធុរកិច្ចថ្មីដែលមាន តម្លៃសរុបលើសពី ១ ពាន់ លាន ដុល្លារ) ជាង 30 នៅទូទាំងពិភពលោក។ ក្រុមហ៊ុន Google ក៏បានពង្រីកខ្លួនចេញពីការគាំទ្ររបស់ Plug and Play ផងដែរ។ ប្រព័ន្ធអេកូឡូស៊ីរបស់ Plug and Play ភ្ជាប់ស្ថាបនិកអាជីវកម្មជាមួយអ្នកវិនិយោគធំៗ ដៃគូក្រុមហ៊ុន និងប្រឹក្សាយោបល់លំដាប់ពិភពលោក ដែលផ្ដល់មូលដ្ឋានរឹងមាំដល់ធុរកិច្ចថ្មីឱ្យពង្រីកអាជីវកម្មបានលឿនជាងមុន ច្នៃប្រឌិតដោយក្លាហាន និងឈានដល់សក្ដានុពលដែលមានតម្លៃរាប់ពាន់លានដុល្លារ។
Bamnang Academy ត្រូវបានបង្កើតដោយ អតីតនិស្សិត ៣នាក់ ដែលរៀននៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ និងនៅសហរដ្ឋអាមេរិក។
#cda25#CambodiaDigitalAwards2025#MPTC#innovatelocallycompetglobally#CambodiaCDA

