ពិធីប្រកាសតែងតាំងលោក សុខ សីហា ជាប្រធានមន្ទីរថ្មី នៃមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តស្វាយរៀង ជំនួសលោក គង់ សេរីវុធ ដែលត្រូវបានដាក់ឱ្យចូលនិវត្តន៍

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ នៅសាលាខេត្តស្វាយរៀង ឯកឧត្តម ខាយ ឃុនហេង រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងលោក សុខ សីហា ជាប្រធានថ្មី នៃមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តស្វាយរៀង ជំនួសលោក គង់ សេរីវុធ ដែលត្រូវបានដាក់ឱ្យចូលនិវត្តន៍។ កម្មវិធីនេះមានវត្តមានចូលរួមពីសំណាក់ ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្ត និង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ព្រមទាំងមន្ទីរ-ស្ថាប័នជុំវិញខេត្ត សរុបប្រមាណ ១៥០នាក់។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ ខាយ ឃុនហេង ក៏បានផ្តល់នូវអនុសាសន៍ និងគន្លឹះដើម្បីជំរុញឱ្យវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន កាន់តែទទួលបានជោគជ័យថ្មីៗថែមទៀត។បន្ថែមលើនេះ ឯកឧត្តមរដ្ឋលេខាធិការ បានអបអរសាទរចំពោះលោក សុខ សីហា ដែលត្រូវប្រកាសចូលកាន់មុខតំណែងជាប្រធានមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ថ្មី នាពេលនេះ ហើយសង្ឃឹមថា ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ថ្នាក់ក្រោមឱវាទ មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តស្វាយរៀង រដ្ឋបាលខេត្តស្វាយរៀង មន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរដែនដី និងស្ថាប័នមានសមត្ថកិច្ចទាំងអស់ក្នុងខេត្ត ត្រូវខិតខំបំពេញការងាររួមគ្នា សហការគ្នាបានល្អ ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗ ជូនរាជរដ្ឋាភិបាលបន្ថែមទៀត។

#posts#telecommunications#digital#MPTC#GoDigitalCambodia#Cambodia