ខេត្តស្វាយរៀង៖ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ ប្រាក់ ច័ន្ទណយ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបញ្ជ្រាបយេនឌ័រនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី “ការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្រ្តីក្នុងវិស័យបច្ចេកវិទ្យាឌីជីថល” ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួង មន្ទីរ ប.ទ. ខេត្ត តំណាងប្រតិបត្តិករ ប្រៃសណីយ៍ ទូរគមនាគមន៍ ព្រមទាំងលោកស្រីប្រធានមន្ទីរកិច្ចការនារីខេត្តស្វាយរៀងនិងសហការី សរុបប្រមាណ ១០០នាក់ នៅសណ្ឋាគារវ៉ៃគោ ខេត្តស្វាយរៀង។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង (១) ពង្រឹងសមត្ថភាពមន្ត្រីរាជការនារីក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលប្រកបដោយសុវត្ថិភាពនិងអាចឆ្លើយតបទៅនឹងការផ្លាស់ប្តូរនៃបច្ចេកវិទ្យាថ្មីៗ ដូចជាទាញយកប្រយោជន៍ នៃការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើនប្រសិទ្ធិភាពការងារ ក្នុងវិស័យបច្ចេកវិទ្យាឌីជីថល និង (២) ដើម្បីបន្តផ្សព្វផ្សាយ និងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួង និងមន្ទីរខេត្តឱ្យបង្កើនការគាំទ្រចូលរួមលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យបច្ចេកវិទ្យាឌីជីថល និងចូលរួមការបង្កាទប់ស្កាត់អំពើជួញដូរមនុស្ស និងកាត់បន្ថយអំពើហឹង្សាទាក់ទងនឹងយេនឌ័រ តាមប្រព័ន្ធអនឡាញ។










ជាមួយគ្នានេះ លោកជំទាវរដ្ឋលេខាធិការ ប្រាក់ ច័ន្ទណយ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសប់ និងមានចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្តេជ្ញាពង្រឹងភាពជាប្រជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ក្នុងនោះ «ស្រ្តី គឺជាស្នូល»។ រាជរដ្ឋាភិបាលបានបន្តបង្កើនការវិនិយោគសំខាន់ៗលើសមភាពយេនឌ័រ និងផ្តល់ ភាពអង់អាចដល់ស្រ្តី និងក្មេងស្រី ដែលក្នុងនោះមានដូចជាវិស័យ សេដ្ឋកិច្ច សុខភាព អប់រំ និងបច្ចេកវិទ្យា ដើម្បីចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិយើងឱ្យកាន់តែប្រសើរឡើង។
បន្ថែមលើនេះ លោកជំទាវរដ្ឋលេខាធិការ ក៏បានសំណូមពរដល់ថ្នាក់ដឹកនាំទាំងអស់បន្ដយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីធ្វើឱ្យប្រសើរឡើងនូវ សិទ្ធិ ឋានៈ តួនាទី និងជីវភាពរស់នៅ របស់មន្ដ្រីរាជការនារី នៅអង្គភាពរបស់ខ្លួនតាមរយៈការបន្ដលើកកម្ពស់សមភាពយេនឌ័រ ជំរុញភាពអង់អាចរបស់ស្ដ្រី ដោយជំរុញការបណ្ដុះបណ្ដាលបំប៉នជំនាញបច្ចេកទេស និងផ្ដល់ឱកាសដល់ស្ដ្រី ដើម្បីទទួលបាននូវចំណេះដឹង ជំនាញបច្ចេកទេសថ្មីៗបន្ថែមទៀត ព្រមទាំងបន្ដបង្កើនសមាមាត្រការចូលរួមរបស់ស្ដ្រី ឱ្យបានកាន់តែច្រើនឡើងតាមរយៈការលើកកម្ពស់សិទ្ធិ ឋានៈ របស់ស្ដ្រី ដើម្បីឱ្យចូលរួមកាន់តែសកម្មក្នុងការធ្វើសេចក្ដីសម្រេចនានា។
មុននឹងបញ្ជប់ លោកជំទាវរដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ដែលបានយកចិត្តទុកដាក់គាំទ្រ និងផ្តល់ឱកាសដល់មន្ត្រីរាជការនារីទាំងអស់ក្នុងការចូលរួមអភិវឌ្ឍន៍សមត្ថភាពជាពិសេសក្នុងវិស័យបច្ចេកវិទ្យាឌីជីថលនិងបំពេញការងារដោយស្មើភាពគ្នាជាមួយបុរស ដើម្បីរួមចំណែកអភិវឌ្ឍក្រសួង និងប្រទេសជាតិអោយកាន់តែរីកចម្រើនថែមទៀត។
#posts#telecommunications#digital#MPTC#GoDigitalCambodia#Cambodia

