ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួង បានចុះជួបសួរសុខទុក្ខនិងចែកអំណោយដោយផ្ទាល់ជូនបងប្អូនជនភៀសសឹកក្នុងស្មារតីតែមួយ ខ្មែរតែមួយ ដើម្បីរួមគ្នាជួយដល់បងប្អូនជនភៀសសឹកដែលរងគ្រោះ ដោយសារសង្គ្រាមឈ្លានពានយ៉ាងឃោរឃៅពីសំណាក់យោធាថៃ។ ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនប្រជាពលរដ្ឋជនភៀសសឹក។ ឯកឧត្តម អំពាវនាវឱ្យបន្តរួមគ្នាជាកម្លាំងសាមគ្គីជាតិដ៏រឹងមាំ ជាកម្លាំងជួរក្រោយ គាំទ្រវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន និងជឿជាក់លើរាជរដ្ឋាភិបាល ដែលមិនបោះបង់ប្រជាពលរដ្ឋណាមួយនោះទេ។










ជាមួយគ្នានោះ ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានថ្លែងនូវការកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត រដ្ឋបាលស្រុកក៏ដូចជា កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការជម្លៀសប្រជាពលរដ្ឋ ដែលរងគ្រោះក្នុងការឈ្លានពានពីប្រទេសថៃ មកកន្លែងមានសុវត្ថិភាព ព្រមទាំងបានរៀបចំកន្លែងស្នាក់នៅ ផ្គត់ផ្គង់អាហារ សម្ភារៈប្រើប្រាស់ និងថែរក្សាអនាម័យជូនប្រជាពលរដ្ឋ។
អំណោយសម្រាប់ប្រជាពលរដ្ឋទាំង ២៧៥០ គ្រួសាររួមមាន៖ អង្ករ ចំនួន ៦៨,៧៥០គីឡូក្រាម, ត្រីខ ៥៥០០០ កំប៉ុង, ថវិកា ២៧៥ លានរៀល សម្រាប់មួយគ្រួសារទទួលបានអង្ករ ២៥ គីឡូ, ត្រីខ ២០កំប៉ុង ថវិកា ១០ ម៉ឺនរៀល។ កុមារ និងសិស្សានុសិស្សកូនចៅជនភៀសសឹក ក៏ទទួលបានអំណោយជាទឹកដោះគោ នំ របស់ក្មេងលេង និងថវិកា ២ម៉ឺនរៀល។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្ដល់ថវិកា ៤០ លានរៀលសម្រាប់ រដ្ឋបាលស្រុក ដោះស្រាយតម្រូវការផ្ទាល់នៅទីតាំងស្នាក់នៅបណ្ដោះអាសន្ននេះផងដែរ។
#posts#telecommunications#digital#MPTC#GoDigitalCambodia#Cambodia

