ឯកឧត្តមរដ្ឋលេខាធិការ សូ វិសុទ្ធី បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាព័ត៌មានវិទ្យាកម្រិតខ្ពស់ ជំនាន់ទី១៣ ក្នុងឆ្នាំសិក្សា ២០២៥ ដល់និស្សិតនៃមជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី (Korea Software HRD Center)

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាព័ត៌មានវិទ្យាកម្រិតខ្ពស់ ជំនាន់ទី១៣ ក្នុងឆ្នាំសិក្សា ២០២៥ ដល់និស្សិតនៃមជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី (Korea Software HRD Center) នៅសណ្ឋាគារភ្នំពេញ។ ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំមជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី សាស្រ្តាចារ្យ សិស្សជ័យលាភី ព្រមទាំងក្រុមហ៊ុនបច្ចេកវិទ្យានិងធនាគាររបស់កូរ៉េ និងកម្ពុជា ដើម្បីស្វែងរកនិស្សិតមានសមត្ថភាព និងផ្ដល់ឱកាសការងារ សរុបប្រមាណ ១៤០នាក់។

ពិធីបិទវគ្គបណ្ដុះបណ្ដាលក្នុងថ្ងៃនេះ ជាផ្នែកមួយដ៏សំខាន់ក្នុងការជំរុញការកសាងធនធានមនុស្សឆ្នើមរបស់កម្ពុជា ជាពិសេសធនធានមនុស្សឌីជីថល នឹងជំរុញដល់និស្សិតដែលបានចូលរួម អាចពង្រឹងជំនាញវិជ្ជាជីវៈនិងអាជីពផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យាកម្រិតខ្ពស់នៅកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ដល់មជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី ដែលបានចូលរួមចំណែកក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាឌីជីថលបានចំនួនយ៉ាងច្រើន ដើម្បីគាំទ្រ និងជំរុញការអភិវឌ្ឍធនធានមនុស្សជំនាញបច្ចេកវិទ្យាឌីជីថល។

#posts#telecommunications#digital#MPTC#GoDigitalCambodia#Cambodia