ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានទទួលជំនួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយ លោកស្រី ឃ្យុងណាន់ ផាក (Kyung-nan Park) តំណាង និងនាយិកាថ្មីនៃកម្មវិធីស្បៀងអាហារពិភពលោក (WFP) ប្រចាំកម្ពុជា

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានទទួលជំនួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយ លោកស្រី ឃ្យុងណាន់ ផាក (Kyung-nan Park) តំណាង និងនាយិកាថ្មីនៃកម្មវិធីស្បៀងអាហារពិភពលោក (World Food Programme – WFP) ប្រចាំកម្ពុជា នៅទីស្ដីការ ក.ប.ទ.។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី និង លោកស្រីនាយិកា បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើគម្រោងការផ្តល់ព័ត៌មានជាមុនអំពីគ្រោះមហន្តរាយសម្រាប់ទាំងអស់គ្នា (Early Warnings for All) ដើម្បីឈានទៅកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការរៀបចំប្រព័ន្ធព័ត៌មានព្រមានជាមុន សំដៅជួយសង្គ្រោះជីវិត និងកាត់បន្ថយការខាតបង់របស់ប្រជាពលរដ្ឋ។

ជាទីបញ្ចប់ លោកស្រីនាយិកា បានបញ្ជាក់អំពីសារៈសំខាន់នៃបច្ចេកវិទ្យាឌីជីថលដែលនឹងជួយសម្រួលដល់ដំណើរការងារប្រចាំថ្ងៃ ព្រមទាំងបង្ហាញចំណាប់អារម្មណ៍ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀតរវាង ក.ប.ទ. និង WFP។