រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តី ក.ប.ទ. បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ វ្លាដាំងកា អាន់ឌ្រេវ៉ា (Vladanka Andreeva) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា ដែលទើបនឹងទទួលបានការតែងតាំង។
ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកជំទាវ ក្នុងឱកាសចូលកាន់តំណែងថ្មីក្នុងការបំពេញភារកិច្ចជាផ្លូវការនៅកម្ពុជា និងសូមជូនពរលោកជំទាវទទួលបាននូវភាពជោគជ័យក្នុងបេសកកម្មនេះ។ ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូន លោកជំទាវ អំពីវឌ្ឍនភាពនៃការអភិវឌ្ឍថ្នាលនិងកម្មវិធីរាជរដ្ឋាភិបាលឌីជីថល ជាអាទិ៍ ថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល VERIFY.GOV.KH ថ្នាល DG SuperApp និងថ្នាលផ្សេងៗទៀត។ ឯកឧត្តមរដ្ឋមន្រ្តី បន្តថាបច្ចុប្បន្ន ថ្នាល VERIFY ដែលត្រូវបានទទួលស្គាល់ជាថ្នាលសាធារណៈឌីជីថលសកល និងបានទទួលការចាប់អារម្មណ៍យកទៅប្រើប្រាស់ពីសំណាក់ប្រទេសក្នុងតំបន់ រួមមាន ហ្វីលីពីន ឡាវ ទីម័រឡេស្ដេ បង់ក្លាដេស និងហ្សកហ្ស៊ី ជាដើម។





ជាការឆ្លើយតប លោកជំទាវ បានថ្លែងកោតសរសើរចំពោះសមិទ្ធផលរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍថ្នាល VERIFY ព្រមទាំងបានសម្ដែងការគាំទ្រ ក.ប.ទ. ក្នុងការធ្វើពិពិធកម្មថ្នាលខាងលើចូលទៅក្នុងតំបន់ និងប្រទេសជាមិត្ត។
ឯកឧត្តមរដ្ឋមន្រ្តី និង លោកជំទាវ ក៏បានពិភាក្សាគ្នាពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យាឌីជីថល ការអភិវឌ្ឍធនធានមនុស្ស អក្ខរកម្មឌីជីថល កិច្ចការពារកុមារតាមប្រព័ន្ធអនឡាញ សន្តិសុខសាយប័រ និងការផលិតមាតិកាអនឡាញ ព្រមទាំងប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទបន្ថែមទៀតរវាង ក្រសួង និងអង្គការសហប្រជាជាតិប្រចាំកម្ពុជា។
#posts#telecommunications#digital#MPTC#GoDigitalCambodia#Cambodia

