ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ

ខេត្តតាកែវ៖ ព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ ក្រុង ស្រុកទាំង ១០ ថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរ អង្គភាពចំណុះរដ្ឋបាលខេត្ត និងថ្នាក់ដឹកនាំក្រុង ស្រុក ឃុំ សង្កាត់ សរុបប្រមាណ ៤១២រូប នៅសាលប្រជុំសាលាខេត្តតាកែវ។

ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានកត់សម្គាល់លើបញ្ហាប្រឈមនានានៅមូលដ្ឋាន និងណែនាំដល់ក្រុមការងារចុះមូលដ្ឋាន ថ្នាក់ដឹកនាំនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃខេត្តតាកែវ ឱ្យបន្តខិតខំរួមគ្នាដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋ ជាពិសេស ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីលុបបំបាត់បញ្ហាគ្រឿងញៀន និងក្មេងទំនើង ជាដើម។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានធ្វើការណែនាំដល់ក្រុមការងារចុះមូលដ្ឋានត្រូវរៀបចំវេទិកាសាធារណៈឱ្យបានទៀងទាត់ដើម្បីស្ដាប់ពីកង្វល់ ក៏ដូចជាសំណូមពររបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។

មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងកោតសរសើរក្រុមការងារចុះមូលដ្ឋាន ថ្នាក់ដឹកនាំ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃខេត្តតាកែវចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងាររហូតសម្រេចបានសមិទ្ធផលជាច្រើន នាពេលកន្លងមក។

#takeo#posts#telecommunications#digital#MPTC#GoDigitalCambodia#Cambodia