ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល និងដាក់ឱ្យប្រើប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ របស់សាកលវិទ្យាល័យវ៉ាន់ដា

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល (Digital Tech Center) និងដាក់ឱ្យប្រើប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ (University Management System) របស់សាកលវិទ្យាល័យវ៉ាន់ដា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ ឯកឧត្តមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ថ្នាក់ដឹកនាំ ក.ប.ទ. គណៈគ្រប់គ្រង និងនិស្សិត ប្រមាណ ៣០០រូប។

ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ថា សមិទ្ធផលដែលត្រូវបានសម្ពោធដាក់ឱ្យប្រើនាឱកាសនេះ គឺជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាង ក.ប.ទ. និងសាកលវិទ្យាល័យវ៉ាន់ដា ក្នុងការជំរុញបរិវត្តកម្មឌីជីថលក្នុងវិស័យអប់រំ និងការចាប់យកបច្ចេកវិទ្យាឌីជីថលនៅកម្រិតឧត្តមសិក្សានៅកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងអំពីមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ( Community Tech Center) នៅតាមវិទ្យាល័យ ដែលបានជួយជំរុញប្រសិទ្ធភាពនៃការសិក្សារបស់សិស្សថ្នាក់មធ្យមសិក្សាទុតិយភូមិ ដោយស្តែងឡើងតាមរយៈលទ្ធផលនៃការប្រឡងមធ្យមសិក្សាទុតិយភូមិកាលពីឆ្នាំកន្លងទៅមានលក្ខណៈប្រសើរជាងបើធៀបនឹងមុនពេលមានមជ្ឈមណ្ឌលនេះ។ ដើម្បីកសាធនធានមនុស្សឌីជីថល ក្រសួងបានផ្តល់អាហារូបករណ៍សិក្សាជំនាញឌីជីថល ទាំងថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងផ្តល់ជំនួយហិរញ្ញវត្ថុ ដល់សិស្សនិស្សិតជារៀងរាល់ឆ្នាំ ព្រមទាំងផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈឌីជីថលដល់សាធារជនផងដែរ។ លើសពីនេះ ក្រសួងក៏បានធ្វើការបណ្តុះបណ្តាលជំនាញឌីជីថលដល់មន្រ្តីរាជការទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សរុបប្រមាណ ២ម៉ឹននាក់គិតត្រឹមបច្ចុប្បន្ន ព្រមទាំងបានផ្តល់កុំព្យូទ័រប្រមាណ ២ម៉ឹនគ្រឿងសម្រាប់គាំទ្រដល់ការធ្វើបរិវត្តកម្មីឌីថលនៅតាមក្រសួង ស្ថាប័នរដ្ឋ។

#posts#telecommunications#digital#MPTC#GoDigitalCambodia#Cambodia