ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងនិយ័តករទូរគមនាគមន៍កម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ក្របខ័ណ្ឌគោលនយោបាយនិងបទប្បញ្ញត្តិនៃខ្សែកាបក្រោមបាតសមុទ្រនៅប្រទេសកម្ពុជា”

រាជធានីភ្នំពេញ៖ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងនិយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ក្របខ័ណ្ឌគោលនយោបាយនិងបទប្បញ្ញត្តិនៃខ្សែកាបក្រោមបាតសមុទ្រនៅប្រទេសកម្ពុជា” សម្រាប់មន្រ្តីច្បាប់ និងមន្រ្តីបច្ចេកទេសនៃ ក.ប.ទ. និង ន.ទ.ក. សរុបចំនួន ២៥ នាក់ ដោយមានការចូលរួមពីឯកឧត្តម គង់ ផល្លៈ រដ្ឋលេខាធិការ នៃ ក.ប.ទ. និង លោកស្រី Stephanie Chow លេខាទី១ ផ្នែកនយោបាយ នៃស្ថានទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា នៅសណ្ឋារគារ Hyatt Regency Phnom Penh។ វគ្គបណ្តុះបណ្តាលនេះជាផ្នែកមួយនៃគម្រាងភាពជាដៃគូសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ (Partnership for Infrastructure) ក្រោមជំនួយរបស់រដ្ឋាភិបាលអូស្ត្រាលី។

ថ្លែងក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តម គង់ ផល្លៈ បានមានប្រសាសន៍ថា ខ្សែកាបក្រោមបាតសមុទ្រគឺជា“ឆ្អឹងខ្នង”នៃសេដ្ឋកិច្ចឌីជីថល និងជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់សម្រាប់ដឹកជញ្ជូនទិន្នន័យ ព្រមទាំងតភ្ជាប់អាជីវកម្មនិងប្រជាពលរដ្ឋកម្ពុជាជាមួយពិភពលោក។ ការកសាងប្រព័ន្ធតភ្ជាប់ជាតិឱ្យបានពេញលេញ ដោយគិតចាប់តាំងពីខ្សែកាបក្រោមបាតសមុទ្រទៅផ្កាយរណបនៅលំហអវកាសគឺជាចក្ខុវិស័យវែងឆ្ងាយរបស់ ក.ប.ទ. ក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត។ ជាក់ស្តែង នៅពេលថ្មីៗនេះ ក.ប.ទ.ក៏បានប្រកាសពីមហិច្ឆិតាក្នុងការបាញ់បង្ហោះផ្កាយរណបរបស់កម្ពុជា ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។ ដើម្បីសម្រេចគោលដៅនេះ យើងត្រូវចាប់ផ្តើមពីការបណ្តុះបណ្តាលធនធានមនុស្សតាមរយៈការផ្តល់អាហារូបករណ៍ ២៥ កន្លែងដល់និស្សិតកម្ពុជា ដើម្បីបន្តការសិក្សានៅបរទេសលើជំនាញបច្ចេកទេសផ្កាយរណប។ ការបណ្តុះបណ្តាលថ្ងៃនេះ គឺជាផ្នែកមួយនៃកម្មវិធីបណ្តុះបណ្តាលធនធានមនុស្សរបស់ ក.ប.ទ. និង ន.ទ.ក. ដើម្បីពង្រឹងសមត្តភាពមន្ត្រីឱ្យមានការគិតគូរនិងត្រៀមលក្ខណៈដើម្បីដឹកនាំនិងគ្រប់គ្រងខ្សែកាបក្រោមបាតសមុទ្រ។

#posts#telecommunications#digital#MPTC#GoDigitalCambodia#Cambodia